គណៈកម្មការការពារជាតិថៃបានអនុម័តសំណើកែទម្រង់ក្នុងជួរកងទ័ព ដោយត្រូវកាត់បន្ថយចំនួនទាហាន៥% ក្នុងរយៈពេល៤ឆ្នាំ។
អ្នកនាំពាក្យក្រសួងការពារជាតិថៃ លោក Wanchana Sawasdee បានបញ្ជាក់ថា កិច្ចប្រជុំដឹកនាំដោយនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោកប្រាយុទ្ធចាន់អូចា បានព្រមព្រៀងគ្នាកាត់បន្ថយកម្លាំងទាហាន ។ លោកបានបញ្ជាក់ថា ចំនួនទាហានថៃនឹងកាត់បន្ថយ៥%នៅក្នុងឆ្នាំ២០២៧។ កងពលមួយចំនួននឹងត្រូវបញ្ចូលគ្នា ដោយប្រាក់ចំណាយសម្រាប់ការពារជាតិមិនត្រូវបានបង្កើននោះឡើយ។
បច្ចុប្បន្ន ក្រសួងការពារជាតិថៃបានចាប់ផ្តើមកាត់បន្ថយតួលេខទាហាន ក្នុងនោះគឺការជ្រើសរើសទាហាន ត្រូវបានកាត់បន្ថយ ។ ការកាត់បន្ថយខាងលើកើតឡើងសមស្របទៅតាមគម្រោងកែទម្រង់ របស់ក្រសួងការពារជាតិថៃ ដែលបានអនុម័តចាប់ពីឆ្នាំ២០១៧ដល់ឆ្នាំ២០២៦ ។ ការកាត់បន្ថយនឹងបង្កើនគុណភាពដល់កម្លាំងទាហាន ដើម្បីទប់ស្កាត់ការគំរាមកំហែង ។
បច្ចុប្បន្ន ថៃមានកម្លាំងទាហាន ប្រមាណ៣សែននាក់ មានរថក្រោះជិត៣០០គ្រឿង រថពាសដែកជាង ១ពាន់គ្រឿង … មានយន្តហោះចម្បាំងជិត២០០គ្រឿង យន្តហោះហ្វឹកហាត់យោធា៣២គ្រឿង យន្តហោះដឹកជញ្ជូន៦៨គ្រឿង ឧទ្ធម្ភាគចក្រ២៣៣គ្រឿង នាវាចម្បាំងប្រមាណ១០០គ្រឿងគ្រប់ប្រភេទ និងមាននាវាផ្ទុកយន្តហោះមួយគ្រឿង។
ថៃមានមេទ័ពថ្នាក់ឧត្តមសេនីយ៍ ១៧០០នាក់ ជាមធ្យមក្នុងចំណោមទាហាន២១២នាក់គឺមានមេទ័ពម្នាក់ ប៉ុន្តែមានមួយផ្នែកតូចប៉ុណ្ណោះ ក្នុងចំណោមមេទ័ពនោះមានសិទ្ធិក្នុងការបញ្ជាកងទ័ព៕
ដោយ៖ធីរីណា(រូបថត៖ BBC)