ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋឥណ្ឌាធ្វើបាតុកម្មដុតកម្ទេចរថភ្លើង

ចែករំលែក៖

ការធ្វើបាតុកម្មពាក់ព័ន្ធនឹងផ្លូវដែកនៅក្នុងប្រទេសឥណ្ឌា កាន់តែតានតឹងឡើង ដោយមានបាតុករជាច្រើនខឹងសម្បារហូតដល់ដុតកម្ទេចរថភ្លើងដើម្បីប្រឆាំងនឹងអាជ្ញាធរផ្លូវដែកនិងរដ្ឋាភិបាល។
នៅថ្ងៃទី២៧ ខែមករា សារព័ត៌មាន Aljazeera បានផ្សាយថា ពលរដ្ឋនៅក្នុងរដ្ឋ Bihar បាននាំគ្នាធ្វើបាតុកម្មតាំងពីដើមសប្តាហ៍ ដោយសារតែក្រុមយុវជនខឹងសម្បាព្រោះតែការប្រឡងចូលក្របខ័ណ្ឌរដ្ឋក្នុងវិស័យផ្លូវដែកមិនមានតម្លាភាព។
ពេលដំបូង បាតុកម្មធ្វើឡើងទ្រង់ទ្រាយតូចនោះទេ ប៉ុន្តែក្រោយមកក៏បានរាលដាលទៅជាទ្រង់ទ្រាយធំនៅទូទាំងរដ្ឋ Bihar និងរដ្ឋ Uttar Pradesh ។ មនុស្សជាច្រើនបានគប់ដុំថ្មទៅលើរថភ្លើង បិទផ្លូវដែកហើយដុតបំផ្លាញរថភ្លើង… មានមនុស្សជាង១០នាក់ត្រូវបានចាប់ខ្លួនក្នុងហេតុការណ៍ខាងលើ។
ពលរដ្ឋក៏បានថ្កោលទោសដល់កម្លាំងប៉ូលិសដែលបានបំបែកហ្វូងបាតុករដោយហិង្សា។ មានឃ្លីបវីដេអូបង្ហោះលើបណ្តាញសង្គម បង្ហាញឱ្យឃើញថា ក្រុមប៉ូលិសបានសម្រុកចូលផ្ទះជនសង្ស័យដែលចូលរួមធ្វើបាតុកម្មហិង្សា ដោយចាប់ខ្លួននិងវាយធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ។
នៅលើបណ្តាញសង្គម មេដឹកនាំគណបក្សប្រឆាំង លោកPriyanka Gandhi បានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពហិង្សាទៅលើបាតុករ។ លោក Priyanka Gandhi បានបញ្ជាក់ថា «ក្រុមយុវជនមានសិទ្ធិក្នុងការលើកឡើងពីភាពអត់ការងារធ្វើរបស់ខ្លួន ទាំងនោះជាបន្ទុករបស់រដ្ឋាភិបាលត្រូវដោះស្រាយ»។
ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានផ្សាយថា ការប្រឡងចូលក្របខ័ណ្ឌរដ្ឋក្នុងវិស័យផ្លូវដែកនៅឥណ្ឌាបានទាក់ទាញមនុស្សប្រមាណ១០លាននាក់ចូលរួម ក្នុងនោះជ្រើសរើសតែ៣៥ពាន់នាក់ប៉ុណ្ណោះ៕ ដោយ៖សាធី

រូបថត៖baogiaothong.vn


ចែករំលែក៖