ព័ត៌មានទាន់ហេតុការណ៍៖

លោកឃួង ស្រេង ៖ ក្រុងពាលីនិងបញ្ចុះបឋមសិលា មុននៃការបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ឬស្សីកែវ

ចែករំលែក៖

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រីរួមជាមួយនិងមន្ត្រី អាជ្ញាធរដែនដីផង នៅរសៀលថ្ងៃទី៣០ មករា២០២២ នេះបានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលា តាមបែបសាសនា មុននៃការបើកការដ្ឋានសាងសង់ ស្ពានអាកាសថ្មីមួយទៀត នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវសាលាដែកជាប់ខាងជើងឃ្លាំងផ្ទុកប្រេងឥន្ធនៈសូគីមិច សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ ។

   ពិធីក្រុងពាលី ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីសុំសេចក្តីសុខសេចក្តីចំរើនហើយ នៅព្រឹកថ្ងៃទី៣១ មករា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីភាព បើកការដ្ឋានស្ថាបនាស្ពានអាកាសនេះជាផ្លូវការតែម្តង។

   ពាក់ព័ន្ធបើកការដ្ឋានស្ថាបនាស្ពានអាកាសនេះដែរ  ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងមានរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ នៅក្នុងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ចាប់ពីម៉ោង ០៦និង០០នាទី រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការផ្អាកចរាចរ ជាបណ្ដោះអាសន្ន នៅជុំវិញទីតាំងប្រារព្ធពិធី ដោយបានអោយយានយន្តគ្រប់ប្រភេទដែលចរាចរតាមផ្លូវជាតិលេខ៥ ចូលរាជធានីភ្នំពេញ ត្រូវបង្វែរទិសចរាចរតាមស្ពានព្រែកព្នៅ ឬតាមផ្លូវលេខ៥៩៨ ចំពោះយានយន្តចេញពី រាជធានីភ្នំពេញត្រូវបញ្ចៀសចរាចរឡើងស្ពានមិត្តភាពកម្ពុជា-ជប៉ុន ហើយយានយន្តដែលធ្វើដំណើរឆ្លងកាត់ ស្ពានដែកបេឡេត្រូវបង្វែរទិសតាមផ្លូវជាតិលេខ៦ ឬមហាវិថីអូស៊ីអាយស៊ីឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិនវិញ។ 

  គួរបញ្ជាក់ផងដែរថា ៖ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ឲ្យដឹងហើយថា៖ ស្ពានអាកាសថ្មីដែលគ្រោងនឹងបើកការដ្ឋានស្ថាបនានេះ មានបណ្ដោយ៤៨៣ម៉ែត្រ ទទឹង១៥,៨ម៉ែត្រកំពស់ ៥ម៉ែត្រ ដោយហោះនៅលើបណ្ដោយផ្លូវជាតិលេខ៥ នៅចន្លោះស្ពានបេតុងឆ្លងកាត់ទន្លេសាបថ្មី ដែលបាននឹងកំពុងសាងសង់បានជាង៦៣ភាគរយហើយ ។ គម្រោងនៃការសាងសង់ស្ពានអាកាសថ្មី ដោយហោះនៅលើបណ្ដោយផ្លូវជាតិលេខ៥នេះ គ្រោងនឹងសាងសង់ ដោយប្រើរយៈពេល ១៥ខែ ពោលគឺឲ្យរួចរាល់នៅចុងខែមេសាឆ្នាំ២០២៣ នៅមុនពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME ២០២៣៕

ដោយ ៖ សំរិត


ចែករំលែក៖