ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីបារាំងនឹងបំពេញទស្សនកិច្ចទៅកាន់រុស្ស៊ី ស្វែងរកដំណោះស្រាយបញ្ចប់ភាពតានតឹងជាមួយអ៊ុយក្រែន

ចែករំលែក៖

ប្រធានាធិបតីបារាំង លោក Emmanuel Macron នៅថ្ងៃទី ២ខែកុម្ភៈ បានប្រកាសថា លោកអាចនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីដើម្បីស្វែងរកដំណោះស្រាយការទូតបញ្ចប់ការប្រឈមមុខតានតឹងដាក់គ្នា។
មានប្រសាសន៍បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហគមន៍អឺរ៉ុប ដែលរៀបចំឡើងនៅខេត្ត Tourcoing ភាគខាងជើងប្រទេសបារាំង ប្រធានាធិបតីបារាំងលោកម៉ាក្រុងបញ្ជាក់ថា នឹងមិនមានសន្តិសុខ សណ្តាប់ធ្នាប់ ក៏ដូចជាស្ថិរភាពនៅក្នុងតំបន់អឺរ៉ុប ប្រសិនបើ អឺរ៉ុបមិនមានសមត្ថភាពការពារខ្លួនឯងនោះ ។ ជាមួយគ្នានេះដែរ អឺរ៉ុបចាំបាច់ត្រូវតែស្វែងរកដំណោះស្រាយរួមជាមួយប្រទេសជិតខាងក្នុងនោះក៏មានរុស្ស៊ីដែរ។
ប្រធានាធិបតីបារាំងបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន ហើយអាទិភាពរបស់បារាំងចំពោះបញ្ហាអ៊ុយក្រែនគឺត្រូវពិភាក្សាស្វែងរកដំណោះស្រាយតាមរយៈការទូតជាមួយរុស្ស៊ី ទើបអាចរួចផុតពីការប្រឈមមុខទាំងឡាយ។
ប្រធានាធិបតីម៉ាក្រុង បានបញ្ជាក់ថា នឹងខិតខំដើរតួជាអ្នកផ្សះផ្សាហើយលោកនឹងទៅកាន់ប្រទេសរុស្ស៊ីក្នុងពេលខាងមុខដើម្បីស្វែងរកដំណោះស្រាយជាមួយរុស្ស៊ីជុំវិញបញ្ហាអ៊ុយក្រែន៕

ដោយ៖ សាធី(រូបថត៖ Le Monde)


ចែករំលែក៖