ខេត្តបាត់ដំបង៖ ពិតជារឿងមួយស្មានមិនដល់ ខណ:ដែលដឹងថាប្ដីគេមិននៅផ្ទះ ស្រាប់តែមានបុរសប្រមឹកម្នាក់បានចូលទៅចាប់រំលោភសេពសន្ថវៈប្រពន្ធគេដល់ក្នុងផ្ទះបានសម្រេច តែទីបំផុតត្រូវនគរបាលចាប់ដាក់ខ្នោះកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់រួចហើយនៅព្រឹកថ្ងៃទី៤ខែ កុម្ភ: ឆ្នាំ២០២២ នេះ ។
ប្រភពពីមន្ត្រីនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារនិងការពារអនីតិជនខេត្តបាត់ដំបងបានឲ្យដឹងថា រឿងហេតុនេះកើតឡើងកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១២ថ្ងៃត្រង់នៅ ត្រង់ចំណុចដាពង្រ ស្ថិតក្នុងក្រុមទី១០ ភូមិបាសាក់ ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ ក្រោយកើតហេតុរួចជនសង្ស័យបានគេចខ្លួន ហើយជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ចនគរបាលស្រុកស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័ុយបានកាលពីរសៀលថ្ងៃទី៣ ខែ កុម្ភៈនេះ។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចប្រាប់ថាឈ្មោះ ខាវ សុខា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិព្រៃព្រំ២ ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ បុរសនេះ បានផឹកស្រាស្រវឹង រួចបានចូលទៅចាប់រំលោភសេពសន្ថវ: ស្រ្តី ម្នាក់ឈ្មោះ ច.ម.ន.ក អាយុ២០ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ រហូតបានសម្រេចខណៈប្តីនារីរងគ្រោះមិននៅផ្ទះ។
ប្រភពដដែលបានឲ្យដឹងទៀតថាដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងទទួលការងារប្រឆាំងការជួញដូរនិងការពារអនីតិជន គឺក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះនេះភ្លាម នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការនគរបាលស្រុករុក្ខគីរី បានដឹកនាំកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលើបានតែម្តង។
ក្រោយឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភលើស្ត្រីរងគ្រោះខាងលើប្រាកដមែន ក្រោមឥទ្ធិពលគ្រឿងស្រវឹងស្រា។
បច្ចុប្បន្នជនសង្ស័យខាងលើនេះត្រូវបានសមត្ថកិច្ចជំនាញខេត្តបាត់ដំបងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីចាត់ការតាមច្បាប់ជាធរមាន៕
ដោយ ៖ ប្រាថ្នា