ព័ត៌មានទាន់ហេតុការណ៍៖

ចតម៉ូតូមុខផ្ទះភ្លេចដកកូនសោ ចោរឃើញចូលទៅលួចដេញចាប់បានម្នាក់ រត់រួចម្នាក់

ចែករំលែក៖

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ លោក​វរសេនីយ៍ទោ​ ឈឿ​ន​ គឹ​ម​ឈុ​ន​ អធិការ​នគរបាល​ស្រុក​ថ្មពួក​ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​០២​នាក់​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ម៉ូតូ​សហការ​ជាមួយ​កម្លាំង​ន​គរបាល​ស្រុក​ថ្មពួក​ចាប់​ឃាត់ខ្លួនខណ:ធ្វើ​សកម្មភាព​លួច​ម៉ូតូអ្នកភូមិកាលពីព្រឹក​ ថ្ងៃ​ទី​០៤​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ នៅ​ភូមិ​ធ្លក​ ឃុំ​បន្ទាយឆ្មារ​ ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​ ។​

  ​​ ជនសង្ស័យ​ឈ្មោះ​ ជី​ សុ​ហេង​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ រស់នៅ​ភូមិ​អ្នកតា​ ឃុំ​ថ្មពួក​ ស្រុក​ថ្មពួក។ចំណែកបក្ខពួក​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​ ។​ រីឯម្ចាស់​ម៉ូតូ​ឈ្មោះ​ ណុ​ប​ សុ​ខៀន​ ភេទ​ប្រុស​ អាយុ​២៧​រស់នៅ​ភូមិ​ធ្លក​ ឃុំ​បន្ទាយឆ្មារ​ ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​ ដែលម៉ូតូ​ម៉ាកហុងដាវ៉េវ​ C110​ ពណ៌​ក្រហម​-​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៩​ គ្មាន​ស្លាក​លេខ​។ 

​ តាម​ការ​បំភ្លឺ​ពី​ម្ចាស់​ម៉ូតូ​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​០៤​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤​ ខែកុម្ភៈ​ ខ្លួន​បានឮ​សំឡេង​ម៉ូតូ​រោ​ទិ៍​ ក៏​ភ្ញាក់​ហើយ​ក្រោក​មើល​ទើប​ដឹង​ថា​ មាន​ជនសង្ស័យ​ចំនួន​២​នាក់កំពុងធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ខ្លួន​ ដែល​ចត​ទុក​មុខផ្ទះភ្លេចដកសោ។​ បន្ទាប់​មក​គាត់បានទូរស័ព្ទប្រាប់ដល់​នគរបាល​មូលដ្ឋាន និង​បើករថយន្តដេញ​តាម​រហូត​ដល់​ស្ពាន​ទី​ពីរ​ ខាងជើង​ទីរួមស្រុក​ថ្មពួក​ លើ​ផ្លូវជាតិ​56A​  ទើបតាម​ទាន់​និង​ចាប់​ឃាត់​បានជនសង្ស័យ​បាន​ម្នាក់​។ ចំណែកម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ ។​

​លោក​អធិការ​បាន​បញ្ជាក់​ថា​ ក្រោយ​ពី​ឃាត់ខ្លួន​និង​សួរនាំ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ ខ្លួន​និង​បក្ខពួក​ ពិតជា​បាន​ប្រើប្រាស់​គ្រឿងញៀន​ និង​លួច​ម៉ូតូ​ប្រាកដ​មែន​ ។​

​ដោយ​ផ្អែក​លើ​ចម្លើយ​សារភាព​និង​ករណី​ចាប់​ឃាត់ខ្លួន​ជាក់ស្តែង​ ជនសង្ស័យ​រូបនេះ ត្រូវកម្លាំង​នគរនគរបាលជំនាញ​ព្រហ្មទណ្ឌរៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេ​តុ្ត​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។​ ចំណែក​ម៉ូតូ​បានប្រគល់​ជូន​ម្ចាស់​ដើមវិញ​ ៕​

ដោយ ៖ ប្រាថ្នា


ចែករំលែក៖