ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាលើកទី២៤ឆ្នាំ២០២២ចាប់ផ្តើមបើកជាផ្លូវការនៅទីក្រុងប៉េកាំង

ចែករំលែក៖

ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាលើកទី២៤បានដំណើរការជាផ្លូវការហើយ បន្ទាប់ពីគោមភ្លើងអូឡាំពិកត្រូវបានបំភ្លឺនៅក្នុងពិធីបើកដែលប្រារព្ធធ្វើនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ អត្តពលិកជិត៣,០០០នាក់មកពី៩១ប្រទេសនឹងចូលរួមប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍កីឡានេះ។

គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) រងការរិះគន់ចំពោះការផ្តល់រង្វាន់ដល់ប្រទេសចិន ដោយសារតែការរំលោភសិទ្ធិមនុស្សរបស់ប្រទេសនេះ។ប្រធាន IOC លោក Tomas Bach បាននិយាយថា បេសកកម្មមួយក្នុងចំណោមបេសកកម្មនៃកីឡាអូឡាំពិកគឺដើម្បី បង្រួបបង្រួមមនុស្សជាតិនៅក្នុងភាពចម្រុះទាំងអស់របស់យើង។

ថ្លែងក្នុងពិធីបើកជាផ្លូវការព្រឹត្តិការណ៍ខាងលើលោក Bach បាននិយាយទៅកាន់អាជ្ញាធរនយោបាយទាំងអស់នៅទូទាំងពិភពលោកក្នុងអំឡុងពេលសុន្ទរកថារបស់គាត់ ដោយសុំឱ្យពួកគេ “ផ្តល់ឱកាសសន្តិភាព”។ គាត់បាននិយាយថា “នៅក្នុងពិភពលោកដ៏ផុយស្រួយរបស់យើង ដែលការបែកបាក់ ជម្លោះ និងការមិនទុកចិត្តគ្នាកំពុងកើនឡើង យើងបង្ហាញពិភពលោកថា វាអាចទៅរួចក្នុងការក្លាយជាគូប្រជែងដ៏កាចសាហាវ ខណៈដែលក្នុងពេលតែមួយរស់នៅដោយសន្តិភាព និងការគោរពជាមួយគ្នា” ។

ទីក្រុងប៉េកាំងគឺជាទីក្រុងដំបូងគេដែលរៀបចំការប្រកួតកីឡាអូឡាំពិករដូវក្តៅ និងរដូវរងាដោយពិធីបើកធ្វើឡើងនៅក្នុងពហុកីឡដ្ឋាន Bird’s Nest ដែលត្រូវបានសាងសង់ឡើងសម្រាប់ការប្រកួតកីឡាឆ្នាំ២០០៨។ ដូចនៅទីក្រុងតូក្យូកាលពី៦ខែមុនដែរ មិនមានអ្នកទស្សនា មិត្តភក្តិ ឬក្រុមគ្រួសារដែលមានវត្តមាននៅក្នុងទីលាននោះទេ បើទោះបីជាមានអ្នកការទូត និងសមាជិកក្រុមសាទរចំពោះអត្តពលិកមកចូលរួមអមដំណើរក៏ដោយ។តំណាងក្រុមជនជាតិភាគតិចចំនួន៥៦មកពីទូទាំងប្រទេសចិនបានបញ្ជូនទង់ជាតិចូលទៅក្នុងពហុកីឡដ្ឋានដើម្បីចាប់ផ្តើមពិធីបើកនេះដែរ។

ប្រទេសមួយចំនួនបានប្រកាសធ្វើពហិការការទូតចំពោះការប្រកួតកីឡានេះ រួមទាំងចក្រភពអង់គ្លេសផងដែរ ដោយមិនមានរដ្ឋមន្ត្រី ឬមន្ត្រីចូលរួមពិធីបើកនោះទេ។ ក៏មានការព្រួយបារម្ភយ៉ាងទូលំទូលាយអំពីសុវត្ថិភាពរបស់កីឡាការិនីវាយតឺន្នីសចិន Peng Shuai បន្ទាប់ពីនាងបានធ្វើការចោទប្រកាន់ពីបទរំលោភផ្លូវភេទលើមន្ត្រីរដ្ឋាភិបាលកំពូលម្នាក់។ លោក Bach នឹង​ជួប​ទល់​មុខ​ជាមួយកីឡាការិនី Peng ក្នុង​អំឡុង​ពេល​ប្រកួត។

ជាមួយគ្នានេះក្នុងពិធីបើកកីឡាអូឡាំពិកជាផ្លូវការក៏មានព្រះវត្តមានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាលពីព្រឹកថ្ងៃទី៤ ខែកុម្ភៈផងដែរ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖