ភ្នំពេញ៖ មនុស្សចំនួន ៤នាក់បានរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងទាំងកណ្ដាលអធ្រាត្រ នៅសង្កាត់ផ្សារដើមគ ។
ហេតុការណ៍ គ្រោះអគ្គិភ័យខាងលេីនេះ បានកើតឡើងនៅវេលាម៉ោង ០២ និង១០នាទីទៀបភ្លឺថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ ត្រង់ចំណុច ផ្លូវលេខ២១៧ វិថីសម្តេចមុនីរ៉េត សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញ បានឱ្យដឹងថា ករណីគ្រោះអគ្គិភ័យនេះ បានបំផ្លាញផ្ទះថ្មក្រោម ឈើលើទំហំ ១២ម៉ែត្រ គុណនិង១៥ម៉ែត្រ ខូចខាតផ្នែកខាងលើអស់ទាំងស្រុង មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ ប៉ុន្តែបណ្ដាលឱ្យមនុស្សចំនួន ០៤នាក់ របួសធ្ងន់ចំនួន ០២នាក់ របួសស្រាលចំនួន ០២នាក់ ។
របាយការណ៍ដដែល បន្តថា ក្នុងប្រតិបត្តិការនោះកងកម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យបានប្រេីប្រាស់រថយន្តរបស់ការិយាល័យអគ្គិភ័យ៖ ចំនួន ២១គ្រឿង ប្រេីប្រាស់ទឹកអស់ ៣០រថយន្ត ស្មើរនឹង ១២០ ម៉ែត្រគូប, រថយន្តជំនួយអន្តរាគមន៍មានដូចជា៖ រថយន្តក្រសួងមហាផ្ទៃចំនួន ០២ គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន ០២ រថយន្ត ស្មេីនឹង ០៨ ម៉ែត្រគូប ,រថយន្តទីក្រុងអូឡាំព្យាចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ ០២ រថយន្ត ស្មើរនឹង ០៨ ម៉ែត្រគូប ,រថយន្តក្រុមហ៊ុនOCICជ្រោយចង្វារ ចំនួន ០៧ គ្រឿងប្រើប្រាស់ទឹកអស់ ០៧ រថយន្ត សើ្មនឹង ២៨ ម៉ែត្រគូប ,រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើបាស់ទឹកអស់ ០១ រថយន្ត ស្មើនឹង ០៤ ម៉ែត្រគូប។
គួរបញ្ជាក់ថា អគ្គិភ័យបានពន្លត់ទៅវិញ នៅវេលាម៉ោង ០៣ និង៣០ នាទីទៀបភ្លឺ ថ្ងៃខែឆ្នាំដដែល៕
ដោយ៖សហការី