ព័ត៌មានទាន់ហេតុការណ៍៖

លោក​ គឹម​ សន្តិភាព​៖​ សង្គមស៊ីវិល គ្មានសិទ្ធិចូលជួបជនជាប់ឃុំ ដែលស្ថិតក្រោមយុត្តាធិការរបស់តុលាការនោះទេ, សូមអនុវត្តសិទ្ធិក្នុងក្របខណ្ឌព្រំដែននៃច្បាប់!

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ គឹម​ សន្តិភាព​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​ក្រសួង​យុត្តិធម៌​ បានថ្លែង​ឱ្យ​ដឹង​តាម​រយៈ​ប្រព័ន្ធ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​០៥​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ​ថា៖​ សង្គមស៊ីវិល គ្មានសិទ្ធិចូលជួបជនជាប់ឃុំ ដែលស្ថិតក្រោមយុត្តាធិការរបស់តុលាការនោះទេ, សូមអនុវត្តសិទ្ធិក្នុងក្របខណ្ឌព្រំដែននៃច្បាប់!

សូមជម្រាបជូនថា៖​ កាលដែលចៅក្រមស៊ើបសួរសម្រេចមិនអនុញ្ញាតឲ្យបុគ្គលណាមួយ ចូលជួបជាមួយជនជាប់ឃុំ ត្រូវឈរលើមូលដ្ឋាននៃច្បាប់ និងលើភាពពាក់ព័ន្ធរវាងបុគ្គលនោះ និងជនជាប់ឃុំ!

លោក​ គឹម​ សន្តិភាព​ ថ្លែង​បន្តថា​ មានតែបុគ្គលដែលបានកំណត់ក្នុងច្បាប់តែប៉ុណ្ណោះ ដូចជាមេធាវីការពារសិទ្ធិ និងក្រុមគ្រួសារ ហើយដែលអ្នកទាំងនោះមិនពាក់ព័ន្ធនឹងសកម្មភាពល្មើសណាមួយរបស់ជនជាប់ឃុំខ្លួនតែប៉ុណ្ណោះ  ដែលអាចទទួលបានការអនុញ្ញាតអោយចូលជួបជនជាប់ឃុំបាន ក្រោយការពិនិត្យ និងសម្រេចរបស់តុលាការ!

រីឯបុគ្គលដែលច្បាប់ពុំបានផ្តល់សិទ្ធិ ឬបុគ្គលដែលមានសកម្មភាពពាក់ព័ន្ធជាមួយសកម្មភាពល្មើសណាមួយរបស់ជនជាប់ឃុំ ដែលកំពុងស្ថិតក្នុងយុត្តាធិការរបស់តុលាការនោះ ជាកម្មវត្ថុនៃការមិនអនុញ្ញាតក្នុងការចូលជូបជនជាប់ឃុំនោះទេ!

សូមបញ្ជាក់ថា នៅកម្ពុជាគ្មានមាត្រាច្បាប់ណាមួយដែលចែងអំពីសិទ្ធិរបស់សង្គមស៊ីវិលក្នុងការចូលជួបជនជាប់ឃុំនោះទេ ហេតុនេះការសម្រេចរបស់ចៅក្រមក្នុងបដិសេធ មិនអនុញ្ញាតឲ្យតំណាងសង្គមស៊ីវិលចូលជួបជនជាប់ឃុំ គឺជាសិទ្ធិអំណាចតាមច្បាប់របស់តុលាការកម្ពុជា និងជាការអនុវត្តត្រឹមត្រូវទៅតាមនីតិវិធីនៃច្បាប់កម្ពុជាផងដែរ! 

បន្ថែមពីនេះ​ លោក​ គឹម​ សន្តិភាព​ បានសង្កត់ធ្ងន់ថា​ សូមសង្គមស៊ីវិល សិក្សាអំពីតូនាទី និងសិទ្ធិរបស់ខ្លួនដែលចែងក្នុងច្បាប់អោយបានច្បាស់លាស់ ហើយសូមអនុវត្តសិទ្ធិរបស់ខ្លួនក្នុងក្របខណ្ឌព្រំដែននៃច្បាប់ដែលបានកំណត់អោយបានត្រឹមត្រូវ!៕

ដោយ​៖ស​ តារា​


ចែករំលែក៖