ខេត្តក្រចេះ ៖ ក្មេងស្រីម្នាក់បានស្លាប់គួរឱ្យតក់ស្លុតបំផុត ខណៈកំពុងដើរសុខៗស្របទិសគ្នាពីកើតទៅលិចជាមួយនឹងម៉ូតូជនបង្កបានបុកពេញទំហឹងបណ្តាលឱ្យក្មេងស្រីរងរបួសធ្ងន់ធ្ងរ ហើយពេលបញ្ជូនទៅមន្ទីរពេទ្យខេត្តស្ទឹងត្រែងនាងបានដាច់ខ្យល់ស្លាប់ទៅហើយ។ ហេតុការណ៍គួរឱ្យតក់ស្លត់នេះបានកើតឡើងនៅវេលាម៉ោង១៧៖០២នាទី ថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅចំណុចភូមិភ្នំខៀវ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។
ប្រភពនៅកន្លែងកើតហេតុបានបញ្ជាក់ថាមុនកើតហេតុគេឃើញម៉ូតូម៉ាកសុីរ៉ូស ពណ៌ខ្មៅ ពាក់ស្លាកលេខស្ទឹងត្រែង1A-0018 បើកបរដោយបុរសម្នាក់យ៉ាងលឿនមិនប្រយ័ត្នស្របទិសគ្នា នឹងក្មេងស្រីរងគ្រោះដែលកំពុងដើរ ហើយបានបុកនាងពេញទំហឹងធ្វើប៉ើងឆ្ងាយពីម៉ូតូសន្លប់ស្តូកស្តឹង ខណ:នោះឪពុកម្តាយក្មេងរងគ្រោះក៏ប្រញាប់ដឹកក្មេងស្រីរងគ្រោះខាងលើទៅមន្ទីរពេទ្យង្អែកខេត្តស្ទឹងត្រែងដែលនៅជាប់ព្រំប្រទល់ខេត្តក្រចេះ ចំណែកជនបង្កជិះម៉ូតូខាងលើក៏រងរបួសគួរសមដែរ បច្ចុប្បន្នកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យខេត្តស្ទឹងត្រែងដូចគ្នា។
ក្រោយកើតហេតុនគរបាលប៉ុស្តិ៍និងនគរបាលចរាចរណ៍បានមកដល់ ហើយធ្វើការវាស់វែងនិងធ្វើកំណត់ហេតុ រួចយកវត្ថុតាងម៉ូតូបង្កខាងលើទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំអូរគ្រៀងដើម្បីបន្តនិតិវិធីច្បាប់នៅពេលក្រោយ។
សមត្ថកិច្ចបញ្ជាក់ថា: ជនបង្កបើកបរម៉ូតូខាងលើមានឈ្មោះស៉ឹង សុភក្រ្ក ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិអូរឫស្សីកណ្តាល ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង បច្ចុប្បន្នកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង។
ចំណែកក្មេងស្រីរងគ្រោះឈ្មោះអ៉ីសារ អ៊ៃយ៉ានី ជនជាតិខ្មែរអ៊ិស្លាម អាយុ៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ក្រោយពិនិត្យនិងធ្វើកោសល្យវិច័យរួចមក សមត្ថកិច្ចក៏បានប្រគល់សពក្មេងស្រីរងគ្រោះខាងលើទៅឱ្យក្រុមគ្រួសារធ្វើបុណ្យទៅតាមប្រពៃណីខ្មែរអ៊ិស្លាមផងដែរ៕
ដោយ៖ មាស សុផាត