ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីផេកហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានឱ្យដឹងនៅរសៀលថ្ងៃអង្គារទី០៨ ខែកុម្ភៈ ឆ្នាំ២០២២នេះថា៖ បើតាមការរកឃើញរបស់ក្រុមអ្នកស្រាវជ្រាវកាលពីពេលថ្មីៗនេះបានបង្ហាញឱ្យឃើញថា ក្រុមជនខិលខូចកំពុងតែមានការមមាញឹក ធ្វើការវាយប្រហារទៅលើប្រព័ន្ធទូរសព្ទរបស់អ្នកប្រើប្រាស់នៅក្នុងតំបន់អឺរ៉ុបជាពិសេសនៅក្នុងប្រទេសអាល្លឺម៉ង់ និងបារាំង តាមរយៈសារ SMS ដែលមានបង្កប់ជាមួយនឹងតំណភ្ជាប់ដែលមានមេរោគ Roaming Mantis។
នៅក្នុងការវាយប្រហារនេះ ក្រុមជនខិលខូចបានផ្ញើសារក្លែងក្លាយទាក់ទងទៅនឹងការផ្ញើអីវ៉ាន់ ហើយលួចបង្កប់ជាមួយនឹងតំណភ្ជាប់ដែលមានមេរោគដែលអាចចូលទៅក្នុងទូរសព្ទ ដើម្បីលួចយកព័ត៌មានសម្រាប់ចូលទៅក្នុងគណនីធនាគារ។ សម្រាប់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS នៅពេលដែលអ្នកប្រើប្រាស់ចុចនៅលើតំណភ្ជាប់នោះ វានឹងបើកគេហទំព័រដែលមានមេរោគដែលអាចឱ្យពួកគេលួចយកឈ្មោះសម្គាល់ និងលេខសម្ងាត់សម្រាប់ចូលទៅក្នុងគណនីរបស់ក្រុមហ៊ុន Apple។ សម្រាប់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android វិញនោះ តំណភ្ជាប់នឹងទាញយកកម្មវិធីមេរោគដើម្បីបញ្ចូលទៅក្នុងទូរសព្ទ។
បន្ថែមពីនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់បន្ថែមថា ជាទូទៅដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា អ្នកប្រើប្រាស់គួរតែចៀសវាង កុំចុចនៅលើតំណភ្ជាប់ដែលលោកអ្នកទទួលបានតាមរយៈសារ ឬអុីមែល ហើយលោកអ្នកគួរតែធ្វើការទាញយកកម្មវិធីតែពីក្នុងកម្មវិធីផ្លូវការរបស់ក្រុមហ៊ុនទូរសព្ទមានដូចជា App Store និង Play Store ជាដើម៕
ដោយ៖ស តារា