ភ្នំពេញ៖ បន្ទាប់ពីកម្មករ កម្មការិនី បានដួលសន្លប់ក្នុងរោងចក្រដេរកាបូបយីហោ”ហាធ័រ”ចំនួន ៦៦នាក់ ហើយត្រូវបានដឹកបញ្ជូនទៅសង្គ្រោះ និងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យបង្អែក ,អង្គការ និង មណ្ឌលសុខភាពរហូតមកទល់ពេលនេះ ពួកគាត់មានសុខភាល្អឡេីងវិញហើយ។
ជាក់ស្ដែងបន្ទាប់ពីមានហេតុការណ៍ខាងលេីនេះ លោក អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ រួមដំណើរដោយ លោកនាយក ប្រតិបត្តិសាខា លោក លោកស្រី សាមជិក សមាជិការសាខា លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ មន្រ្តីសាខា អនុសាខា ព្រមទាំង កងកម្លាំងទាំងបី នៅរសៀលថ្ងៃអង្គារ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ក៏បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បងប្អូនកម្មករ កម្មការិនី ដួលសន្លប់ក្នុងរោងចក្រដេរកាបូប ហាធ័រ ចំនួន ៦៦នាក់ ដែលកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យ បង្អែកអង្គរការ ៣៨នាក់ មណ្ឌលសុខភាពព្រៃជួរ ០៧នាក់ មន្ទីរពេទ្យបាំង្គសី ជា សុខលីម ១០នាក់ និង មណ្ឌល សុខភាពអង្គតាសោម ១១នាក់។
ក្នុងឱកាសនោះដែរ លោក អ៊ូច ភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មកជម្រាបជូនបងប្អូនកម្មករ កម្មារិនីដោយក្តីនឹករលឹក និងសូមជូនពរឱ្យ ឆាប់ជាសះស្បើយ មានសុខភាពល្អឡើងវិញ ដើម្បីឆាប់វិលត្រឡប់ទៅធ្វើការងារជាធម្មតា ជាពិសេស ក៏ត្រូវថែរក្សាសុខភាពខ្លួនឯងឱ្យបានល្អផងដែរ តាមរយៈការហាត់ប្រាណ និងហូបចំណីអាហារឱ្យបាន គ្រប់គ្រាន់។
លោក អ៊ូច ភា ក៏បានផ្តាំផ្ញើបន្ថែមទៅដល់ក្រុមគ្រូពេទ្យ ត្រូវបន្តយកចិត្តទុកដាក់តាមដាន ពិនិត្យសុខភាពរបស់ពួកគាត់ឱ្យបានញឹកញាប់ ធ្វើយ៉ាងណាឱ្យពួកគាត់ឆាប់មានកម្លាំង និងមានអារម្មណ៍ ល្អធម្មតាវិញ បន្ទាប់ពីនាំគ្នាភ័យនៅក្នុងហេតុការណ៍ដួលសន្លប់នៅព្រឹកមិញនេះ។
សូមជម្រាបជូនដែរថា សម្ភារដែល លោកប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ បាននាំយកមកផ្ដល់ជូនបងប្អូនកម្មករ កម្មការិនី នាឱកាសនោះដែរ រួមមាន៖ ទឹកគោឆៅ មួយឡូតិ៍ និងថវិកាមួយចំនួនផងដែរ៕
ដោយ៖សហការី