ខេត្តសៀមរាប ៖ បើយោងតាមប្រភពព័ត៌មានពីរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃពុធ ៨កើត ខែ មាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹង ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានឱ្យដឹងថា ក្រុមការងារចម្រុះ កាលពីម្សិលមិញនេះបានចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សហការជាមួយនគរបាលចរាចរណ៍ សមត្ថកិច្ចប្រឆាំងបទល្មេីសគ្រឿងញៀន នៃស្នងការនគរបាលខេត្ដសៀមរាប កម្លាំងកងរាជអាវុធហត្ថ(អ.ហ) និងមន្ត្រីជំនាញមូលដ្ឋាន ដឹកនាំដោយ លោកពិន ប្រាកដ អភិបាលរងខេត្ត និងមានការចូលរួមពីលោកជួត ច័ន្ទតារា អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ទទួលបន្ទុក។
ជាក់ស្ដែងក្រុមការងារចម្រុះ បានចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងបានចុះអនុវត្តការងារជាប្រចាំតាមដងផ្លូវជាតិលេខ៦៤ នៅភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
-បានត្រួតពិនិត្យយានយន្តសរុបចំនួន ៧៥គ្រឿង យានយន្តត្រឹមត្រូវចំនួន ៦៦គ្រឿង យានយន្តខុសលក្ខណៈបច្ចេកទេសចំនួន ០៩គ្រឿង បានដោះភ្លើងបំពាក់ខុសលក្ខណៈបច្ចេកទេស ចំនួន ០៩គ្រឿង
-បានធ្វើការណែនាំអ្នកបើកបរគោយន្តកន្រ្តៃ និងបិទស្ទីកឃ័រចំណាំងផ្លាតចំនួន ៥៧គ្រឿង។
ជាមួយគ្នានេះដែរ ក្រុមការងារក៏បានចែកខិត្តប័ណ្ណអប់រំផ្សព្វផ្សាយ មានដូចជា៖ សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង ៣០ក្បាល ឯកសារជំនួយស្មារតីអ្នកបើកបរ ៣០សន្លឹ និងសៀវភៅច្បាប់ចរាចរណ៍ផ្លូវគោក ៣០ក្បាល៕
ដោយ៖សហការី