ប្រាក់ចំណូលពីការលក់វ៉ាក់សាំង និងឱសថព្យាបាលកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer មានរហូតដល់ទៅ ៥៤ពាន់លានដុល្លារនៅក្នុងឆ្នាំនេះ ប៉ុន្តែក្រុមអ្នកវិនិយោគចង់ទទួលបានច្រើនជាងនេះទៅទៀត។
សារព័ត៌មានរ៉យទ័រនៅថ្ងៃទី ៩ខែកុម្ភៈបានដកស្រង់ការប្រកាសរបស់តំណាងក្រុមហ៊ុន Pfizerដែលបានឱ្យដឹងថា ក្រុមហ៊ុននឹងទទួលបានប្រាក់ចំណូលរហូតដល់ទៅ ៥៤ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២២ ។ ប៉ុន្តែតួលេខបានថយចុះជាងមុនដោយសារតែទីផ្សារមូលបត្ររបស់ក្រុមហ៊ុនបានថយចុះ៥% ។
វ៉ាក់សាំងផលិតដោយក្រុមហ៊ុន Pfizer និង BioNTech SE របស់អាល្លឺម៉ង់ បានព្យាករថាក្រុមហ៊ុននឹងទទួលបានប្រាក់ចំណូលពី៣៣ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២២នេះ ។ ដោយឡែកក្រុមហ៊ុន Pfizer ក៏មានប្រាក់ចំណូលកើនឡើងខ្ពស់ ផងដែរដោយសារតែការផលិតនិងលក់ថ្នាំព្យាបាលកូវិដ-១៩ ប្រភេទ Paxlovid អាចនឹងទទួលបានប្រាក់ចំណូលដល់ទៅ២២ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ។ ក្រុមហ៊ុន Pfizerនឹងផលិតថ្នាំព្យាបាល១២០ លានដូស ។
បច្ចុប្បន្នក្រុមហ៊ុន Pfizer បានផ្តោតសំខាន់ទៅលើថ្នាំព្យាបាល Paxlovid ដែលបានចុះកិច្ចព្រមព្រៀងជាមួយ១០០ប្រទេសជុំវិញពិភពលោក ។ ថ្នាំព្យាបាល Paxlovid ត្រូវបានអនុម័តឱ្យប្រើប្រាស់នៅ៤០ប្រទេសជុំវិញពិភពលោក។ តាមគម្រោងប្រាក់ចំណូលនៅក្នុងឆ្នាំនេះរបស់ក្រុមហ៊ុន Pfizer មានចាប់ពី៩៨-១០២ពាន់លានដុល្លារ ៕ដោយ៖ សាធី
រូបថត៖Reuters