ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបើកខ្វះការប្រុងប្រយ័ត្នបុកគ្នាកណ្ដាលទ្រូងផ្លូវផ្អើលអ្នកភូមិទាំងយប់

ចែករំលែក៖

      ខេត្តស្វាយរៀង៖  បុរស២នាក់បានរងរបួសខណៈដែលបើកម៉ូតូខ្វះការប្រុងប្រយ័ត្នធ្វើឱ្យបុកគ្នាកណ្ដាលទ្រូងផ្លូវពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។

   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី០៩ ខែកុម្ភៈឆ្នាំ២០២២ នៅចំណុចលើផ្លូវលំក្រាលក្រួសក្រហម ស្ថិតក្នុង ភូមិថ្មី ឃុំថ្នាធ្នង់ ស្រុករំដួល ។

   យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា អ្នករងរបួសមានឈ្មោះ ឡុង ជី អាយុ៣៥ឆ្នាំ រស់នៅភូមិធ្នង់ ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១BR-៨៧៨១ រងការខូចខាតយ៉ាងដំណំ។

    ចំណែកភាគីម្ខាងទៀតមានឈ្មោះគឹម សុផា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅ ភូមិថ្នា ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាវេ៉វ ពណ៌ស គ្មានស្លាកលេខ ។

    តាមសាក្សីបានឱ្យដឹងថាមុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១BR-៨៧៨១ តាមផ្លូវលំក្រាលក្រួសក្រហម ក្នុងទិសដៅពីលិចទៅកើតខណៈនោះស្រាប់តែមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា វ៉េវ ពណ៌ស គ្មានស្លាកលេខ ក្នុងទិសដៅបញ្ច្រាសគ្នាក៏បុកគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

   សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា មូលហេតុដោយសារអ្នកបើកម៉ូតូទាំងពីរគ្រឿងខ្វះការប្រុងប្រយ័ត្នទើបបណ្ដាលឱ្យបុកគ្នាកណ្ដាលទ្រូងផ្លូវបែបនេះ។

   បច្ចុប្បន្នមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងសមត្ថកិច្ចបានធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលថ្នាធ្នង់ដើម្បីដោះស្រាយតាមច្បាប់៕

ដោយ៖យឹមសុថាន


ចែករំលែក៖