ក្រុមតោខៀវ Chelsea នឹងត្រូវជួបក្រុមមកពីប្រេស៊ីល Palmeiras ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA Club World Cup បន្ទាប់ពីបានយកឈ្នះក្រុម Al-Hilal នៅកីឡដ្ឋាន Mohamed bin Zayed ក្នុងទីក្រុង Abu Dhabi។
ឥឡូវនេះក្រុមតោខៀវ Chelsea នឹងសម្លឹងរកការលើកពានលើកដំបូងក្រោមការកាន់កាប់ជាម្ចាស់ក្លិបរយៈពេល១៩ឆ្នាំរបស់លោក Roman Abramovich ។ គ្រូបង្វឹកលោក Thomas Tuchel បានខកខានការប្រកួតនេះ ខណៈដែលគាត់កំពុងនៅដាច់ដោយឡែកបន្ទាប់ពីធ្វើតេស្តវិជ្ជមានCovid-19។
ក្រុម Chelsea បានគ្រប់គ្រងបាល់តាំងពីដើមដំបូងទល់នឹងក្រុមមកពីអារ៉ាប៊ីសាអ៊ូឌីត ហើយបានទម្លុះសំណាញ់ទីគូប្រកួត ដោយការរកគ្រាប់បាល់១គ្រាប់ពីខ្សែប្រយុទ្ធ Romelu Lukaku ត្រឹមតែរយៈពេលកន្លះម៉ោងប៉ុណ្ណោះក្នុងតង់ទី១គឺនៅនាទីទី៣២។ ការលើកបាល់ពីស្លាបឆ្វេងរបស់ Kai Havertz ត្រូវបានបញ្ជូនទៅឲ្យ Lukaku ស៊ុតបញ្ចូលទីយ៉ាងល្អ ហើយវាគឺជាគ្រាប់ទី៩ របស់ Lukaku នៃរដូវកាលនេះ ។
ក្រុមម្ចាស់ជើងឯកអាស៊ី Al-Hilal ក៏ឱកាសរកបានគ្រាប់បាល់ដែរ ដោយកីឡាករ Mohamed Kanno ស៊ុតពីចម្ងាយ បន្ទាប់ពីការបញ្ជូនបាល់យ៉ាងល្អជាមួយអតីតខ្សែបម្រើក្រុម West Bromwich Albion កីឡាករMatheus Pereira ប៉ុន្តែអ្នកចាំទី Kepa Arrizabalaga របស់ Chelsea ជួយសង្គ្រោះបានដោយមិនបានឲ្យចូលទីនោះទេ។
ការប្រកួតពានរង្វាន់ Club World Cup វគ្គផ្តាច់ព្រ័ត្ររវាងក្រុមតោខៀវ Chelsea នឹងក្រុម Palmeiras នឹងត្រូវធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈខាងមុខវេលាម៉ោង១១និង៣០នាទីយប់ ខណៈដែលការប្រកួតយកចំណាត់ថ្នាក់លេខ៣រវាងក្រុម Al Hilal និងក្រុម Al Ahly នៅថ្ងៃទី១២ ខែកុម្ភៈដែរវេលាម៉ោង៨យប់ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)