ក្នុងពេលកំពុងប្រឈមមុខតានតឹងជាមួយបណ្តាប្រទេសលោកខាងលិចជុំវិញបញ្ហាអ៊ុយក្រែន រុស្ស៊ីនិងបេឡារូសបានចាប់ផ្តើមធ្វើសមយុទ្ធទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមក នៅថ្ងៃទី ១០ ខែកុម្ភៈ ដោយមានការតាមដានពីអាមេរិកនិងអឺរ៉ុប ។
ទាហានរាប់ពាន់នាក់និងរថក្រោះ រថពាសដែក រថយន្តចម្បាំង និងប្រព័ន្ធការពារមីស៊ីលដ៏ទំនើប S-400 នឹងចូលរួមធ្វើសមយុទ្ធមានឈ្មោះថា Allied Resolve 2022 នៅក្នុងទឹកដី Belarus ដោយអូសបន្លាយរហូតដល់ថ្ងៃទី ២០ខែកុម្ភៈ។ នៅក្នុងយុទ្ធសាស្ត្រនៃការធ្វើសមយុទ្ធមាននៅជិតព្រំដែន អ៊ុយក្រែន ប៉ូឡូញ Litva ដែលជាប្រទេសមាជិកណាតូ។
កម្លាំងទាហានរុស្ស៊ីប្រមាណ ៣ម៉ឺននាក់ចូលរួមធ្វើសមយុទ្ធនោះ ដែលជាសមយុទ្ធទ្រង់ទ្រាយធំបំផុត មិនធ្លាប់មានចាប់តំាងពីសង្គ្រាមត្រជាក់មក ។ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានរៀបរាប់ឱ្យដឹងថា នឹងបង្កើនកម្លាំងទាហានការពារប្រទេសជាសមមាជិកនៅតំបន់ភាគខាងកើតអឺរ៉ុបជាប់ព្រំដែនរុស្ស៊ី។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត មន្ត្រីជាន់ខ្ពស់រុស្ស៊ីមួយរូប កាលពីថ្ងៃពុធសប្តាហ៍នេះ បានចេញមុខចោទប្រកាន់ទៅលើ បណ្តាប្រទេសលោកខាងលិចថា បាននិងកំពុងបង្កើនភាពតានតឹង តាមរយៈការសម្រុកផ្គត់ផ្គង់សព្វាវុធ ទៅឱ្យប្រទេសអ៊ុយក្រែន នៅចំពោះមុខការបង្កើនចំនួនយោធា និងសព្វាវុធរបស់រុស្ស៊ីនៅតាមតំបន់ព្រំដែន។
រុស្ស៊ីត្រូវបានសហរដ្ឋអាមេរិកចោទប្រកាន់ថា បានដាក់ពង្រាយកងទ័ពរហូតដល់ទៅ ១០០,០០០នាក់ និងសព្វាវុធជាច្រើនទៀតនៅលើទឹកដីក្បែរព្រំដែនអ៊ុយក្រែន ដោយទីក្រុងមូស្គូបានអះអាងថា ជាការធ្វើសមយុទ្ធយោធាដើម្បីត្រៀមទប់ទល់ការឈ្លានពានណាមួយ។ យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានអះអាងថា រុស្ស៊ីកំពុងត្រៀមវាយលុកអ៊ុយក្រែននៅក្នុងខែកុម្ភៈនេះ បើទោះបីជាទីក្រុងមូស្គូបានចេញមុខច្រានចោល ការចោទប្រកាន់បែបនេះ ជាច្រើនលើករួចមកហើយក្តី៕ ដោយ៖សាធី
រូបថត៖AFP/VNA