ភ្នំពេញ ៖ នៅថ្ងៃព្រហស្បត្តិ៍ ៩កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២២ នៅទីស្តីការក្រសួង លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំសម្រប សម្រួលកិច្ចប្រជុំធ្វើបទបង្ហាញរបស់តំណាងសមាគមជប៉ុន-កម្ពុជា ស្តីពីវិធានការការពាររាជធានីភ្នំពេញពីជំនន់ស្ទឹង ព្រែកត្នោត និងជំនន់នៃទឹកទន្លេមេគង្គ ដោយមានការអញ្ជើញពី អស់លោក លោកស្រី ជាតំណាងមកពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រដ្ឋបាលរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម និងប្រធានអង្គភាពពាក់ព័ន្ធ ក្រោមឱវាទក្រសួង តាមរយៈការចូលរួមប្រជុំដោយផ្ទាល់ និងតាមប្រព័ន្ធ ZOOM ។សូមបញ្ជាក់ថា, ជាកិច្ចស្វាគមន៍ពេលបើកកិច្ចប្រជុំ លោករដ្ឋមន្រ្តី លឹម គានហោ ក្នុងនាមជាក្រសួងជំនាញ បានថ្លែងអំណរគុណចំពោះលោក Koji Kanzaki ជាមិត្តភ័ក្រ្តចាស់ ដែលមានបទពិសោធន៍ច្រើនលើ ការងារធ្វើទំនប់ និងផ្លូវ ដោយលោកចាប់ផ្តើមមកកម្ពុជាក្នុងទស្សវត្សន៍ ៦០ ក្នុងនាមជាអ្នកបច្ចេកទេសក្នុងការកសាង ទំនប់ទឹកស្ទឹង ព្រែកត្នោត នៅក្នុងខេត្តកំពង់ស្ពឺ ។ លោករដ្ឋមន្រ្តី បានលើកឡើងអំពីការគ្រប់គ្រងធនធានទឹក ដែលក្រសួងបាន អនុវត្តមកទល់ពេលនេះ និងផែនការចំពោះមុខក្នុងក្របខណ្ឌទូទាំងប្រទេស ជាពិសេសគឺវិធានការ ការពាររាជធានី ភ្នំពេញពីជំនន់ស្ទឹងព្រែកត្នោត និងជំនន់នៃទឹកទន្លេមេគង្គ ដែលតែងតែងជួបប្រទះនាពេលកន្លងមក។
នៅក្នុងបទឧទ្ទេសនាមជូនដល់អង្គប្រជុំ លោក ខូជិ ខាន់សាគិ បានជម្រាបអំពីសំណើជាវិធានការដែលត្រូវ គិតគូរដើម្បីគ្រប់គ្រងទឹកជំនន់ ដែលតែងបានជួបប្រទះនាពេលកន្លងមក ឲ្យមានប្រសិទ្ធភាពសម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីបង្ការទប់ស្កាត់នូវគ្រោះថ្នាក់ និងការខូចខាតបណ្តាលមកពីទឹកជំនន់ នៅស្ទឹងព្រែកត្នោត រួមទាំងជំនន់មេគង្គផងដែរ ។
បន្ទាប់ពីបានស្តាប់នូវបទឧទ្ទេសនាម និងមតិចំណាប់អារម្មរបស់លោករដ្ឋមន្រ្តីដែលបានគូសបញ្ជាក់ អំពីបញ្ហាដែលបានលើកឡើង និងការងារក៏ដូចជាផែនការរបស់ក្រសួងដែលបាននិងកំពុងអនុវត្ត និងគ្រោងអនុវត្តនា ពេលខាងមុខ អង្គប្រជុំបានវាយតម្លៃខ្ពស់អំពី៖ ១) លទ្ធផលនៃការសិក្សាស្រាវជ្រាវដែលបានឧទ្ទេសនាម ដែលនោះជា ធាតុចូលសំខាន់ និង២) សមិទ្ធផលលើវិស័យធនធានទឹកដែលសម្រេចបានមកដល់បច្ចុប្បន្ន និងផែនការចំពោះមុខ ដើម្បីការគ្រប់គ្រងធនធានទឹកកាន់តែមានប្រសិទ្ធភាព បង្ការ និងប្រើប្រាស់ទឹកជំនន់ សម្រាប់ជាប្រយោជន៍ទ្រទ្រង់ ដល់ជីវិតរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ទាំងពេលបច្ចុប្បន្ន និងទៅអនាគត។ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់អំពីប្រសិទ្ធភាព និងជោគជ័យក្នុងការគ្រប់គ្រងទឹកជំនន់ គឺពឹងអាស្រ័យលើឆន្ទៈរួមគ្នា ធនធាន ប្រតិបត្តិការ និងកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ។
សូមជម្រាបថា ពាក់ព័ន្ធនឹងការគ្រប់គ្រងជំនន់ស្ទឹងព្រែកត្នោត ក្រសួងបានធ្វើការសិក្សារួចរាល់ផងដែរ ហើយបច្ចុប្បន្ន ទំនប់ស្ទឹងព្រែកត្នោតមួយផ្នែកត្រូវបានភាគីមិត្តចិន បាន នឹងកំពុងធ្វើការស្តារផងដែរ ៕
ដោយ៖សុខ ខេមរា