ព័ត៌មានទាន់ហេតុការណ៍៖

Liverpool បន្តឈរលេខ២ ក្រោយបំបាក់ក្រុម Leicester ខណៈ Arsenal ឡើងមកឈរលេខ៥

ចែករំលែក៖

ខ្សែប្រយុទ្ធ Diogo Jota បានស៊ុតបាល់បញ្ចូលទី២គ្រាប់ជួយឲ្យក្រុមហង្សក្រហម Liverpool កាត់បន្ថយគម្លាតរបស់ពួកគេលើក្រុមកំពូលតារាងManchester City នៅ Premier League ដល់ទៅ៩ពិន្ទុក្រោយយកឈ្នះក្រុមភ្ញៀវ Leicester City នៅកីឡដ្ឋាន Anfield កាលពីរាត្រីថ្ងៃទី១០ កុម្ភៈ។

ក្រុមរបស់លោក Jurgen Klopp មានឱកាសច្រើន ហើយខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Jota បានស៊ុតបាល់បញ្ចូលទីក្នុងតង់១នាទីទី៣៤ ដោយវាយបកទៅលើអ្នកចាំទី Kasper Schmeichel ពីការតែតបាល់របស់ Virgil van Dijk និងវាយបកនៅតង់ទី២នាទីទី៨៧។

ក្រុមហង្សក្រហមនៅសល់ការប្រកួត១ក្នុងដៃលើក្រុមជើងឯក Man City និងកំពុងបង្ហាញពីការប្រដេញគ្នាបន្តទៀតពីការដណ្តើមពានប្រហែលជាមិនទាន់មានការសន្និដ្ឋានទុកជាមុននៅឡើយទេ។

ក្នុងការប្រកួតនោះអ្នកចាំទី Schmeichel របស់ Leicester City ស្ថិតក្នុងទម្រង់លេងដ៏ល្អមួយដែរដោយបានធ្វើការសង្គ្រោះបាល់យ៉ាងច្រើនពីការព្យាយាមស៊ុតរបស់ Roberto Firmino និង Luis Diaz ក្នុងការបង្ហាញខ្លួនលើកដំបូងរបស់គាត់។

ចំណែកខ្សែប្រយុទ្ធ Mohamed Salah បានបង្ហាញខ្លួនក្នុងនាមជាកីឡាករបម្រុងនៅតង់ទី២ បន្ទាប់ពីត្រឡប់ពីកាតព្វកិច្ចក្នុងការប្រកួតពានរង្វាន់Africa Cup of Nations ហើយគាត់ក៏មិនបានរកគ្រាប់បាល់ឲ្យក្រុមដែរនៅពេលប្រកួតនោះ។ រីឯក្រុម Leicester មានឱកាសស៊ុតបាល់ចំគោលដៅដែរដោយកីឡាករ James Maddison ខណៈ​ដែល​កីឡាករ​អង់គ្លេស​រូបនេះនៅតែមិនអាចរកគ្រាប់បាល់បាន ដោយការសង្គ្រោះពីអ្នកចាំទីក្រុមហង្សក្រហម Alisson។

នៅរដូវកាលនេះ ក្រុម Leicester ត្រូវបានគេមើលឃើញថា ពួកគេស្ថិតក្នុងចំណាត់ថ្នាក់លេខ១២ ក្នុងតារាងមាន១០ពិន្ទុដាច់ពីក្រុមដែលមានចំណាត់ថ្នាក់ទៅលេង Europa Conference League ។

ដោយឡែកគ្រាប់បាល់១គ្រាប់របស់កីឡាករ Gabriel Magalhaes បានជួយឲ្យក្រុមកាំភ្លើងធំ Arsenal បានផ្តួលក្រុមម្ចាស់ផ្ទះ Wolves សម្រាប់ការឈ្នះលើកដំបូងរបស់ពួកគេក្នុងឆ្នាំ២០២២ ហើយកីឡាករ Gabriel Martinelli ត្រូវបានផ្តល់កាតក្រហមនៅតង់ទី២ផងដែរ។

ខ្សែការពារ Gabriel Magalhaes បានស៊ុតបាល់បញ្ចូលទីនៅដើមតង់ទី១នាទីទី២៥ ពីការបញ្ចូនបាល់របស់ Alexandre Lacazette ដើម្បីរកគ្រាប់បាល់បាន១គ្រាប់ជាគ្រាប់ជ័យជម្នះលើក្រុម Wolves ធ្វើឲ្យក្រុមកាំភ្លើងធំ បន្តឡើងមកកាន់កាប់ក្នុងតំបន់ Top 5 នៅ Premier League ចាប់តាំងពីខែតុលា។

ជាមួយគ្នានេះខ្សែប្រយុទ្ធ Martinelli របស់ក្រុមកាំភ្លើងធំត្រូវបានបណ្តេញចេញនៅតង់ទី២ ដោយការធ្វើឲ្យមានកំហុស២ដងទទួលបានកាតក្រហម ដោយការធ្វើកំហុសទៅលើកីឡាករ Chiquinho របស់ក្រុម Wolves។ មានឱកាស​ល្អផងដែរនៅពេលដែលខ្សែប្រយុទ្ធ Lacazetteបាន​ស៊ុត​បាល់ចំគោលដៅ​យ៉ាងល្អ ប៉ុន្តែ​ត្រូវអ្នកចាំទីសង្គ្រោះបាន។

ជ័យជម្នះនេះគឺជាលើកដំបូងរបស់ក្រុមកាំភ្លើងធំ Arsenal ក្នុងរយៈពេល៦ប្រកួតបានធ្វើឱ្យក្រុមនេះឡើងមកឈរចំណាត់ថ្នាក់លេខ៥ មាន៣៩ពិន្ទុ បានរុញឲ្យក្រុមបិសាចក្រហម Manchester United ធ្លាក់មកឈរលេខ៦មាន៣៩ដូចគ្នា ខណៈដែលក្រុម Wolves ស្ថិតក្នុងចំណាត់ថ្នាក់ទី៨ ដែលបាត់បង់ឱកាសឈ្នះក្នុងលីគ៤លើកជាប់ៗគ្នា ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖