ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុនម៉ានី ៖ កម្ពុជា មិនដែលបំផ្លាញប្រទេសណាមួយឡើយ

ចែករំលែក៖

ភ្នំពេញ ៖ កម្ពុជា មិនដែលបំផ្លាញប្រទេសណាមួយឡើយ។ ទោះខ្លួនស្ថិតក្នុងសភាពជាជនរងគ្រោះ កម្ពុជាបានបន្តចូលរួមចំណែកជាវិជ្ជមានជាមួយប្រទេសជាមិត្ត និងពិភពលោកក្នុងកិច្ចការកសាងសន្តិភាព ស្ថិរភាពក្នុងតំបន់ ឈានឆ្ពោះទៅរកវិបុលភាពសម្រាប់ប្រជាពលរដ្ឋទូទៅ។ ជាអាទិ ក្នុងកាលៈទេសៈនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងតំបន់ កម្ពុជាបានចូលរួមចំណែករំលែកទុក្ខលំបាកបណ្តាប្រទេសជាមិត្ត តាមរយៈការចែករំលែកនូវសម្ភារបរិក្ខាពេទ្យ ថ្នាំសង្កូវ និងឧបករណ៏ការពារផ្សេងៗដែលខ្លួនទទួលបានយ៉ាងលំបាក។ កម្ពុជា ក៏បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងនាមជាប្រធានអាស៊ាន ចូលរួមដោះស្រាយជម្លោះនៅមីយ៉ាន់មា ធ្វើយ៉ាងណាធានាឲ្យបាននូវសុខសន្តិភាពជូនប្រជាពលរដ្ឋ។ នេះជាថ្លែងរបស់ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២។ 

លោកថ្លែងបន្តថា, កម្ពុជា យល់ពីតម្លៃសន្តិភាព ដោយកម្ពុជា មាននូវមគ្គុទេសន៏សន្តិភាពដ៏ប៉ិនប្រសព្វ នោះគឺសម្តេចតេជោនាយករដ្ឋមន្រ្តី។ អបអរសាទរកម្ពុជា! អរគុណសន្តិភាព!។

ដោយឡែក លោក ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាប៉ុន្មានថ្លៃយ៉ាងដូច្នេះថា, ខ្ញុំសប្បាយរីករាយដែលបានរួមដំណេីរជាមួយប្រមុខដឹកនាំក្នុងបុព្វហេតុសន្តិភាពនិងសេចក្តីសុខសម្រាប់ឧបទ្វីបកូរ៉េនិងមនុស្សជាតិទូទៅ។ 

លោកបន្តថា, មកដល់ឆ្នាំ ២០២២ហើយ ខ្ញុំសង្ឃឹមថាមេដឹកនាំនៃបណ្តាប្រទេសទាំងឡាយក្នុងពិភពលោកនឹងជ្រើសយកសន្តិភាពពិតប្រាកដសម្រាប់សេចក្តីសុខនៃប្រជាពលរដ្ឋរបស់ប្រទេសខ្លួន ប្រសើរជាងជម្រេីសសង្រ្គាមដែលបង្កភាពភ័យខ្លាចនិងភយន្តរាយដល់អាយុជីវិតមនុស្ស។  

លោកលើកឡើងថា, កម្ពុជាមានសំណាងខ្លាំងណាស់ ដែលយើងមានប្រមុខដឹកនាំសម្តេចតេជោ ដែលបាននាំមកនូវសន្តិភាពនិងការរីកចម្រើនមិនអាចកាត់ថ្លៃបានដល់ប្រទេសជាតិ។ ខ្ញុំបាទក៏ដូចពលរដ្ឋខ្មែរទូទាំងប្រទេសប្តេជ្ញាចូលរួមថែរក្សាការពារសន្តិភាពដើម្បីកម្ពុជាកាន់តែរីកចម្រើនរុងរឿង! អរគុណសន្តិភាព​! 

ដោយ ៖ សិលា


ចែករំលែក៖