ខេត្តកណ្ដាល៖ ស្ត្រីសង្ស័យម្នាក់ឆ្លៀតឱកាសម្ចាស់ផ្ទះមិននៅលួចឡើងទៅរុករកយកទ្រព្យសម្បត្តិដោយលួចយកលុយនិងគ្រឿងអលង្ការបានមួយចំនួន លុះឃើញម្ចាស់ផ្ទះមកទាន់បានព្យាយាមគេចខ្លួនអស់រយៈពេល៣ថ្ងៃ ទើបសមត្ថកិច្ចឃាត់ខ្លួនបាននៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១០និង៣០នាទី នៅចំណុចលើផ្ទះជនរងគ្រោះស្ថិតក្នុងភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកល្វាឯមបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ុំ សាវ៉ន ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។ ចំណែកជនសង្ស័យឈ្មោះរាជ យាទ ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល (ឃាត់ខ្លួន)។ សម្ភារបាត់បង់មាន៖ ១-ប្រាក់ដុល្លារចំនួន៧០០០(ប្រាំពីរពាន់)ដុល្លារអាមេរិក, ២-ខ្សែកមាសចំនួន៤ខ្សែ ក្នុងនោះមានខ្សែ.កទម្ងន់១តម្លឹង៤ជីចំនួន០១ខ្សែ, ខ្សែ.កទម្ងន់៥ជី៥ហ៊ុនចំនួន១ខ្សែ, ខ្សែ.កទម្ងន់៤ជីចំនួន០១ខ្សែ, ខ្សែ.កទម្ងន់៣ជីចំនួន១ខ្សែ, ៣-ខ្សែដៃទម្ងន់៥ជីចំនួន៣ខ្សែ និង៤-ចិញ្ចៀនទម្ងន់៣ជីចំនួន១វង់។ ដោយឡែកវត្ថុតាងចាប់យក៖១-ប្រាក់ដុល្លារចំនួន៤.០០០(បួនពាន់)ដុល្លារអាមេរិក, ២-លោហធាតុពណ៌លឿងប្រភេទខ្សែ.កមានបន្តោងចំនួន៤ខ្សែ, ៣-លោហធាតុពណ៌លឿងប្រភេទខ្សែដៃចំនួន៣ខ្សែ, ៤-លោហធាតុពណ៌លឿងប្រភេទចិញ្ចៀនចំនួន១វង់(របស់ជនរងគ្រោះ), ៥-វិក្កយបត្រដកប្រាក់(វីងវេរលុយ) ចំនួន១សន្លឹក, ៦-ទូរស័ព្ទដៃពណ៌ខ្មៅចំនួន១គ្រឿង(របស់ជនសង្ស័យ)។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានទៅចូលរួមកម្មវិធីបុណ្យគេក្នុងភូមិ រីឯកូនៗទៅរៀន។ ឆ្លៀតពេលនោះជនសង្ស័យខាងលើបានចូលទៅក្នុងផ្ទះជនរងគ្រោះរួចធ្វើសកម្មភាពលួចយកលុយ និងគ្រឿងអលង្ការមួយចំនួន ប៉ុន្តែទន្ទឹមនោះជនរងគ្រោះក៏ត្រឡប់មកផ្ទះវិញស្រាប់តែឃើញស្ត្រីសង្ស័យនៅក្នុងផ្ទះរបស់ខ្លួនក៏មានអារម្មណ៍ងឿងឆ្ងល់ និយាយមិនកើត រួចជនសង្ស័យក៏គេចខ្លួនចេញបាត់ទៅ។ លុះបានមួយសន្ទុះក្រោយមក ជនរងគ្រោះបានទៅមើលលុយនិងគ្រឿងអលង្ការរបស់ខ្លួនស្រាប់តែបាត់អស់ដោយសង្ស័យទៅលើស្ត្រីសង្ស័យខាងលើ ស្ត្រីរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងគ្រំដើម្បីស្រាវជ្រាវនិងចាត់ការតាមច្បាប់។
ក្រោយពីកម្លាំងនគរបាលប៉ុស្តិ៍ទទួលបានពាក្យបណ្ដឹងភ្លាម ក៏តាមស្រាវជ្រាវរហូតដល់ថ្ងៃទី១២ខែឆ្នាំដដែលទើបឃាត់ខ្លួនស្ត្រីសង្ស័យខាងលើយកមកអនុវត្តចាត់ការតាមនីតិវិធីច្បាប់តែម្ដង៕
ដោយ៖ ស្អាងជ័យ