ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់២នាក់របួសម្នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅក្រុងបាវិត

ចែករំលែក៖

     ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ក៏មានមនុស្ស២នាក់បានស្លាប់និងម្នាក់ទៀតរងរបួសដោយសារតែគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅក្រុងបាវិត។

   បើតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ករណីទី១បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១២ ខែ កុម្ភៈ ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៥៨-១៥៩ ស្ថិតក្នុងភូមិត្រពាំងប្លុង សង្កាត់បាទី ក្រុងបាវិត ដោយមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង១J-៦៧៨៧ បើកបរដោយឈ្មោះ រុន កញ្ញា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ និងអ្នករួមដំណើរឈ្មោះ យាប់ ប្រុសពៅ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅក្នុងភូមិព្រៃសង្កែ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍  ខេត្តស្វាយរៀង ដោយធ្វើដំណើរពីកើតទៅលិច ស្រាប់តែមានម៉ូតូសណ្តោងរុឺម៉កមួយ គ្រឿង គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ ហែន សុខុម ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ធ្វើដំណើរពីជើងទៅត្បូង មិនគោរពសិទ្ធិអាទិភាព និងមានជាតិអាកុល០.៦៦ mg/L ក៏បុកគ្នាពេញទំហឹងបណ្ដាលឱ្យបុរសឈ្មោះរុន កញ្ញា បានស្លាប់នីពាក់កណ្តាលផ្លូវពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកអ្នករបួសត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅគ្លីនិកសោភ័ណ្ឌអូរវ៉ាង ។

    រីឯអ្នកបើកបរម៉ូតូសណ្តោងរុឺម៉កត្រូវបានសមត្ថកិច្ចឃាត់ខ្លូនយកមកអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។

សាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

   ករណីគ្រោះថ្នាក់ចរាចរណ៍ទី២បានកើតឡើងកាលពីវេលាម៉ោង១២និង៥នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ លើផ្លូវជាតិលេខ៣១៧B ត្រង់ចន្លោះគីឡូម៉ែត្រលេខ ០២-០៣ ស្ថិតក្នុងភូមិទួលអំពិល សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង មានរថយន្តមួយគ្រឿងម៉ាក LEXUS RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២V-៥៩៣៦ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានធ្វើដំណើរពីទិសខាងជើងទៅត្បូងមិនប្រកាន់ស្តាំ

ក៏បានបុកប៉ះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១N-៧៦១៣ បើកបរដោយឈ្មោះ ចិន ណាក់ ភេទប្រុស អាយុ៤២ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិព្រៃភ្នាត ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង បើកបរពីត្បូងទៅជើងយ៉ាងពេញទំហឹងបណ្ដាលឱ្យស្លាប់នៅនឹងកន្លែង ខណៈអ្នកបើករថយន្តឃើញសភាពការណ៍មិនស្រួលបានរត់គេចខ្លួនបាត់ភ្លាមៗ។

   សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

ដោយ៖យឹម សុថាន


ចែករំលែក៖