ភ្នំពេញ ៖ ស្ត្រីជាអាជីវករម្នាក់ខណៈកំពុងជិះឡំប្រឺតាជាមួយប្តីទៅលេងផ្ទះកូន ត្រូវបានជនសង្ស័យម្នាក់ជិះម៉ូតូតាមធ្វើសកម្មភាពឆក់យកកាបូបបានសម្រេច រួចគេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៤ត្រង់ចំណុចខាងលិចជាប់ភ្លើងស្តុប កែងមហាវិថីឈ្នះ=ឈ្នះ ក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ស្ត្រីរងគ្រោះ ឈ្មោះ អុីម សុភ័ណ្ឌ អាយុ៤១ឆ្នាំ មុខរបរអាជីវករ មានប្តីជារត់ឡំប្រឺតា ស្នាក់នៅផ្ទះជួលក្នុងភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានស្រុកកំណើតនៅភូមិត្នោត ឃុំទួលសូភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ សម្ភារដែលបាត់បង់រួមមានលុយកាក់ គ្រឿងអលង្ការ លុយដុល្លារចំនួន១.៨០០ដុល្លារ លុយខ្មែរ ជាង៣លានរៀល ខ្សែដៃមាស៥ជី ខ្សែ.ក ក្រវិល អត្តសញ្ញាណប័ណ្ណ កាតគ្រីម៉ូតូ និងឯកសារមួយចំនួនទៀត សរុបជាង៣ពាន់ដុល្លារ ។
បើតាមការរៀបរាប់ពីជនរងគ្រោះបានឱ្យដឹងថា មុនកើតហេតុគាត់២នាក់ប្តីប្រពន្ធធ្វើដំណើរតាមឡំប្រឺតាផ្ទាល់ខ្លួន ដោយប្តីជាអ្នកបើកឆ្ពោះទៅលេងផ្ទះកូននៅផ្សារទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដោយជិះតាមបណ្តោយផ្លូវជាតិលេខ៤ពីលិចទៅកើត រហូតមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកស្គូពីពណ៌សមួយគ្រឿងមិនចាំស្លាកលេខតាមពីក្រោយ រួចធ្វើសកម្មភាពឆក់យកកាបូប ពីរូបគាត់បានសម្រេច ហើយជិះម៉ូតូគេចបាត់ស្រមោលទៅ។
ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធបាននាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី៣ ដេីម្បីសុំកិច្ចអន្តរាគមន៍៕
ដោយ៖សុខាសែនជ័យ