សាធារណរដ្ឋកូរ៉េ : នៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងមហាសន្និបាតសកលនៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោកដើម្បីសន្តិភាព (ISCP) និងមហាសន្និបាតនៃក្តីសង្ឃឹម ១លាននាក់ នៅ HJ Global Center នាទីក្រុងសេអ៊ូលសាធារណរដ្ឋកូរ៉េ។
ខាងក្រោមនេះ គឺជាសុន្ទរកថាទាំងស្រុងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី:
ឯកឧត្តម, លោកជំទាវ, ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល;
លោកជំទាវបណ្ឌិត ហាក់ ចាហាន មូន (Hak Ja Han Moon), សហស្ថាបនិកនៃសហព័ន្ធសន្តិភាព សកល
ឯកឧត្តម, លោកជំទាវលោក, លោកស្រី;
សង្គ្រាមកូរ៉េមានអាយុកាលជាង ៧២ ឆ្នាំហើយ ដែលមកទល់ពេលនេះ មានតែបទឈប់បាញ់ដែល មានអាយុកាលជាង ៦៩ ឆ្នាំ គិតចាប់តាំងថ្ងៃចុះហត្ថលេខាតែប៉ុណ្ណោះ ។ ជាច្រើនទសវត្សរ៍កន្លងមកនេះ, កិច្ចខិតខំប្រឹងប្រែងសន្តិភាពត្រូវបានធ្វើឡើងនៅគ្រប់កម្រិត និងវេទិកាផ្សេងៗគ្នា ប៉ុន្តែជាអកុសល មិន ទទួលបានលទ្ធផលអ្វីឡើយ ។ សន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េនៅតែមានភាពស្រពេចស្រពិល និង ផុយស្រួយ ដោយសារវិធីសាស្ត្រ មុនៗមិនទទួលបានជោគជ័យ ។ នោះហើយជាមូលហេតុដែលយើងត្រូវ មានភាពក្លាហាននាពេលនេះ ហើយរិះរកវីធីប្រកបដោយភាពច្នៃប្រឌិត ដែលអាចផ្តល់លទ្ធផលវិជ្ជមាន ។
តាមទស្សនៈរបស់ខ្ញុំ, សន្តិភាព និងសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោកទាំងមូល មិនអាចកាត់ផ្តាច់ចេញពីសន្តិភាព និងសន្តិសុខនៅឧបទ្វីបកូរ៉េ ហើយសន្តិភាព និងសន្តិសុខនៅឧបទ្វីបកូរ៉ ក៏មិនអាចកាត់ផ្តាច់ចេញពីសន្តិភាព និងសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោកទាំងមូល ដូចគ្នា ដោយសារហេតុផលថា ពិភពលោករបស់យើងមានទំនាក់ទំនងទៅវិញទៅមក និងមានភាពប្រទាក់ ក្រឡាគ្នាទៅវិញទៅមក ។ យើងត្រូវទទួលស្គាល់ថា វិបុលភាពរួមគ្នា និងការពឹងពាក់គ្នាទៅវិញទៅមកកាន់ តែច្រើន គឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងសន្តិសុខ ។ ទន្ទឹមនេះ, ខ្សែជីវិតសេដ្ឋកិច្ច-សង្គមរបស់យើងត្រូវបានចងភ្ជាប់ទៅនឹងការរួមរស់នៅជាមួយគ្នា តាមរយៈសណ្តាប់ធ្នាប់អន្តរជាតិប្រកបដោយបរិយាប័ន្ន និង បើកចំហ ដែលទទួលយកកូរ៉េទាំងពីរ ។
បើនិយាយតាមបែបភូមិសាស្ត្រនយោបាយ, ឧបទ្វីបកូរ៉េ គឺជាច្រកទ្វារដ៏សំខាន់មួយទៅកាន់អាស៊ី មិនត្រឹមតែទាក់ទងនឹងអរិយធម៌ដ៏អស្ចារ្យប៉ុណ្ណោះទេ ថែមទាំងទាក់ទងនឹងឱកាសសេដ្ឋកិច្ចផងដែរ ។ ជាជាង ចាត់ទុកឧបទ្វីបកូរ៉េគ្រាន់តែជា «តំបន់ទ្រនាប់ – Buffer Zone» នៅក្នុងនយោបាយមហាអំណាច, តំបន់នេះ គួរតែត្រូវបានចាត់ទុកថាជាស្ពាននៃជំនឿទុកចិត្ត និងជាទឹកដីនៃឱកាសសម្រាប់ទាំងអស់គ្នា ។ ប្រជាជនកូរ៉េ មានភាពច្នៃប្រឌិត, ប្រកបដោយថាមពល, ប្រឹងប្រែងធ្វើការ ហើយពួកគេអាចរួមចំណែកយ៉ាងធំធេងដល់ សេដ្ឋកិច្ចពិភពលោក ។ នៅពេលដែលសន្តិភាពត្រូវបានស្ដារឡើងវិញ, សក្តានុពលទាំងអស់ដែលមាននៅ ទីនោះ គឺអាចប្រើប្រាស់បានសម្រាប់តំបន់ និងពិភពលោក ។
ដើម្បីអាចសម្រេចទៅបាន, ការទទួលខុសត្រូវ គឺស្ថិតនៅលើសហគមអន្តរជាតិ ក្នុងការធ្វើការរួមគ្ន ដើម្បីយកកូរ៉េទាំងពីរចេញពីសំណល់នៃសង្គ្រាមត្រជាក់ ។ យើងទាំងអស់គ្នាដឹងហើយថា ឧបទ្វីបកូរ៉េដែល បែកបាក់គ្នា គឺជាកេរ្តិ៍ដំណែលនៃសង្គ្រាមត្រជាក់ ហើយប្រជាជនកូរ៉េ គឺជាជនរងគ្រោះនៃនយោបាយមហា អំណាច។ ជាអកុសល, មហាអំណាច គិតតែពីប្រយោជន៍ផ្ទាល់ខ្លួន និងប្រើប្រាស់ឧបទ្វីបកូរ៉េ ជាតំបន់ទ្រនាប់ ក្នុងការប្រកួតប្រជែង និងការព្យាករអំណាចរបស់ពួកគេ ។ ដើម្បីស្វែងរកសន្តិភាពនៅឧបទ្វីបកូរ៉េ, យើងត្រូវគិតពិចារណា ដូចខាងក្រោម៖
. ទីមួយ, ការយកឈ្នះលើភាពច្របូកច្របល់ និងការមិនទុកចិត្តគ្នាដែលអូសបន្លាយជាង ៧០ ឆ្នាំ មកនេះ ទាមទារឱ្យមានកិច្ចចរចាជាច្រើនឆ្នាំ និងវិធានការកសាងទំនុកចិត្ត ហើយជាការពិតណាស់ ដំណើរការផ្សះផ្សាបន្តិចម្តងៗ ។ ដូចគ្នានេះដែរ, ដំណើរការរំសាយអាវុធនុយក្លេអ៊ែរនឹងត្រូវធ្វើឡើង ជាដំណាក់កាល ។ ដូច្នេះ, ការអត់ធ្មត់ជាយុទ្ធសាស្ត្រ គឺមានសារៈសំខាន់បំផុត ។
• ទីពីរ , សម្ពាធតែម៉្យាង គឺមិនអាចដោះស្រាយមូលហេតុនៃជម្លោះដ៏ស៊ីជម្រៅ ឱ្យមានប្រសិទ្ធភាព នោះទេ ហើយក៏មិនអាចដោះស្រាយបញ្ហាស្មុគស្មាញអស់ជាច្រើនទសវត្សរ៍មកហើយនេះដែរ។ ការប្រាស្រ័យទាក់ទងផ្នែកការទូតដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយ គឺជាតម្រូវការចាំបាច់មុនគេ ។ ការ ប្រាស្រ័យទាក់ទងជាវិជ្ជមានជាមួយទីក្រុងព្យុងយ៉ាង នឹងកាត់បន្ថយហានិភ័យនៃភាពឯកោកាន់ត ខ្លាំង ដែលជាលទ្ធផលនឹងនាំទៅរកការបន្ធូរបន្ថយនូវវដ្ដនៃភាពតានតឹងផ្នែកយោធាដ៏អាក្រក់ ហើយ ទីបំផុតអាចឈានទៅការបន្ថយមហិច្ឆតានុយក្លេអ៊ែរ ។
• ទីបី. ការកសាងជំហាននៃជំនឿទុកចិត្ត ចាំបាច់ត្រូវតែមានការចូលរួមជាក់ស្ដែងជាប្រចាំពីអ្នកចរចា សន្តិភាព ដែលគួរផ្តោតលើកិច្ចខិតខំប្រឹងប្រែងដែលអាចទទួលលទ្ធផលបានឆាប់, មិនមានភាព ចម្រូងចម្រាស, មិនសូវរសើប និងជាក់ស្តែង ។
ឯកឧត្តម, លោកជំទាវលោក, លោកស្រី!
ប្រជាជនកម្ពុជា ធ្លាប់ឆ្លងកាត់នូវអារម្មណ៍ឈឺចាប់នៃសង្គ្រាម នៅពេលដែលយើងបានឆ្លងកាត់ សង្គ្រាមស៊ីវិលរយៈពេលជិត ៣ ទសវត្សរ៍ ដែលបានកើតឡើងភាគច្រើនបណ្តាលមកពីការលូកដៃពីបរទេស ។ យើងក៏ជាជនរងគ្រោះនៃសង្គ្រាមត្រជាក់ និងនយោបាយមហាអំណាចផងដែរ ។ ការរៀនសូត្រពីបទ ពិសោធន៍កន្លងមក, យើងអាចត្រូវតែពឹងផ្អែកលើខ្លួនឯង ដើម្បីការពារផលប្រយោជន៍ជាតិរបស់យើង និង ស្វែងរកសន្តិភាពជូនប្រជាជនយើង ។ ការផ្សះផ្សាជាតិត្រូវតែកើតចេញពីខាងក្នុង ជាមួយភាពជាម្ចាស់លើ ប្រទេសជាតិ ជាកត្តាកំណត់ និងចាំបាច់។ យើងបានដឹងថាគ្មានអ្វីមានតម្លៃជាងឯករាជ្យភាព និងការ សម្រេចចិត្តដោយខ្លួនឯងនោះទេ ។
ដោយផ្អែកលើបទពិសោធន៍ និងមេរៀនដែលបានដោយលំបាករបស់យើងក្នុងការកសាងសន្តិភាព និងការបង្រួបបង្រួមជាតិ, ខ្ញុំសូមស្នើគំនិតផ្តួចផ្តើម «រដ្ឋពីរ ឆ្ពោះទៅជាតិតែមួយ: ឧបទ្វីបតែមួយ, ប្រជាជន តែមួយ, វប្បធម៌តែមួយ សម្រាប់ការពិចារណារបស់អ្នក ដែលប្រហែលជាមិនមែនជាទស្សនទានថ្មី ទាំងស្រុងនោះទេ តែផ្អែកលើចក្ខុវិស័យ និងបេសកកម្មនៃសហព័ន្ធសន្តិភាពសកល ។
ហេតុអ្វីរដ្ឋពីរ? ប្រព័ន្ធនយោបាយ និងប្រព័ន្ធគ្រប់គ្រងនៅក្នុងប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង គឺខុសគ្នាទាំងស្រុង ។ ការរួមបញ្ចូលប្រព័ន្ធនយោបាយទាំងពីរនាពេលអនាគតដ៏ខ្លីខាងមុខមិនអាចទៅរួច ទេ។ ដូច្នេះ, យើងត្រូវទទួលយកការពិតដែលប្រព័ន្ធនយោបាយទាំងពីរនឹងត្រូវបន្តរួមរស់ជាមួយគ្នា ។ យើងត្រូវលើកទឹកចិត្ត និងលើកកម្ពស់ដល់ការរួមរស់នៅជាមួយគ្នាដោយសន្តិភាពរវាងរបបនយោបាយ ទាំងពីរ ។
ហេតុអ្វីជាតិតែមួយ? កូរ៉េអាចត្រូវបានបែងចែកដោយទឹកដីតែមិនមែនប្រជាជន ។ កូរ៉េមានឈាម ជ័រខ្សែស្រឡាយតែមួយ ។ សុភាសិតខ្មែរមួយបានពោលថា «កាត់ទឹកមិនដាច់ កាត់សាច់មិនបាន» ។ ប្រជាជន ។ គឺប្រៀបបានដូចជាទឹកដែលមិនអាចកាត់ផ្តាច់បាន ។ ទន្ទឹមនេះដែរ, វប្បធម៌ គឺជាប្រភពដ៏សំខាន់សម្រាប់ សន្តិភាព និងការបង្រួបបង្រួមជាតិ ។ បំណងប្រាថ្នារបស់កូរ៉េសម្រាប់ការបង្រួបបង្រួម គឺផ្អែកលើប្រវត្តិសាស្ត្រ នៃការឯកភាពដ៏យូរលង់ និងប្រកបដោយមោទនៈ ដែលឆ្លុះបញ្ចាំងឱ្យឃើញនូវប្រទេសកូរ៉េអភិវឌ្ឍទៅជា ប្រទេសជាតិមួយដែលមានវប្បធម៌ និងជាតិសាសន៍តែមួយ ដែលផ្សារភ្ជាប់នូវស្មារតីនៃអត្តសញ្ញាណ និង ឯកភាពជាតិដ៏ជ្រាលជ្រៅ ។
ខ្ញុំជឿថាគំនិតផ្តួចផ្តើម «រដ្ឋពីរ ឆ្ពោះទៅជាតិតែមួយ: ឧបទ្វីបតែមួយ, ប្រជាជនតែមួយ, វប្បធម៌តែ មួយ» គឺជាក់ស្ដែង និងអាចសម្រេចបាន ព្រោះជាគំនិតផ្តួច-ផ្តើមមានគោលបំណងលើកកម្ពស់ការផ្លាស់ប្ដូរវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរវាងកូរ៉េទាំងពីរ ។ គំនិតផ្តួចផ្តើមនេះ ជាផ្លែផ្កាដែលនៅ ទាប ដែលយើងអាចយោងបេះបានយ៉ាងងាយ ។ គំនិតផ្តួចផ្តើមនេះត្រូវបានបំផុសគំនិតដោយបេសកកម្ម របស់សហព័ន្ធសន្តិភាពសកល ក្នុងការលើកកម្ពស់គុណតម្លៃរួម, វិបុលភាពទៅវិញទៅមក និងការពឹងពាក់ គ្នាទៅវិញទៅមក ព្រមទាំងគោលការណ៍រួមនៃការជំរុញការគោរពគ្នាទៅវិញទៅមក, ការយោគយល់គ្នាទៅ វិញទៅមក, ការជឿទុកចិត្តគ្នាទៅវិញទៅមក និងការផ្ដល់ផលប្រយោជន៍ទៅវិញទៅមក សម្រាប់សន្តិភាព និងវិបុលភាព (MAP2) ។
ដើម្បីអាចសម្រេច, ខ្ញុំសូមស្នើជំហានជាក់ស្តែងមួយចំនួនសម្រាប់ការពិចារណា ដូចខាងក្រោម៖ ទីមួយ, យើងគួរតែប្រែក្លាយតំបន់គ្មានយោធា (DMZ) ទៅជាច្រករបៀងវប្បធម៌សុវត្ថិភាព និង បើកចំហដែលតភ្ជាប់ប្រជាជនទាំងពីរ ។ តំបន់គ្មានយោធាDMZអាចផ្ដល់ជូននូវវេទិកាសម្រាប់ ការសម្តែងវប្បធម៌រួមគ្នា, ការតាំងពិព័រណ៍សិល្បៈ និងការផ្លាស់ប្តូរវប្បធម៌ផ្សេងទៀត ។ .
・ទីពីរ, កូរ៉េទាំងពីរគួរតែសហការបន្ថែមទៀត នៅក្រោមក្របខណ្ឌរបស់អង្គការយូណេស្កូ ដើម្បីបង្កើត លក្ខខណ្ឌចាំបាច់សម្រាប់កិច្ចសន្ទនាដោយផ្អែកលើការគោរពតម្លៃរួម។ បុព្វកថានៃរដ្ឋធម្មនុញ្ញន អង្គការយូណេស្កូបានបំផុសគំនិតយើង ហើយខ្ញុំសូមដកស្រង់ដូចតទៅ «ដោយសារសង្គ្រាមផ្ដើម ចេញនៅក្នុងផ្នត់គំនិតរបស់មនុស្ស គឺក្នុងផ្នត់គំនិតរបស់មនុស្សនេះឯង ដែលត្រូវកសាងនូវស្មារតី ការពារសន្តិភាព» ។
. ទីប៊ី, កូរ៉េទាំងពីរគួរតែធ្វើការរួមគ្នាដើម្បីលើកកម្ពស់វប្បធម៌កូរ៉េភ្ជាប់អរិយធម៌កូរ៉េជាមួយអរិយធម៌ ដទៃទៀត និងរួមគ្នាអភិវឌ្ឍទេសចរណ៍វប្បធម៌ និងនវានុវត្តន៍ ។ ជាឧទាហរណ៍, ការទូតអាហារ អាចត្រូវបានលើកកម្ពស់រួមគ្នាដោយកូរ៉េទាំងពីរ ។
ជាចុងបញ្ចប់, ខ្ញុំស្នើឱ្យថ្នាក់ដឹកនាំមកពីវិស័យផ្សេងៗ ផ្ដល់នូវធាតុផ្សំក្នុងគំនិតផ្តួចផ្តើម «រដ្ឋពីរ ឆ្ពោះទៅជាតិតែមួយ: ឧបទ្វីបតែមួយ, ប្រជាជនតែមួយ, វប្បធម៌តែមួយ» នេះ ដែលយើងអាចប្រើប្រាស់ឯក សារទស្សនទាននេះ នៅក្នុងសកម្មភាពជាក់ស្ដែង អាចសម្រេចបាន និងជាក់លាក់ ។ ជំនឿទុកចិត្តអាចក ។ សាងបានដោយផ្អែកលើសកម្មភាព មិនមែនការសន្យាខ្យល់នោះទេ ។
ក្នុងពេលកំពុងបួងសួងសុំសន្តិភាព និងស្ថិរភាពយូរអង្វែងសម្រាប់ឧបទ្វីបកូរ៉េ – ខ្ញុំសូមជូនពរដល់ ប្រតិភូជាទីគោរពទាំងអស់ ដែលមានវត្តមានចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ ២០២២ នៅថ្ងៃនេះ សូមមានសុខភាពល្អ, សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច ។
ខ្ញុំពិតជាអរគុណសម្រាប់ការយកចិត្តទុកដាក់ស្តាប់របស់លោកអ្នក ៕
ដោយ ៖ សុខ ខេមរា