ត្រឹមព្រឹកថ្ងៃសៅរ៍ ទី១៩ កុម្ភៈនេះ ប្រទេសចំនួន៦រួមមាន ន័រវេស, អាល្លឺម៉ង់, អាមេរិក, ចិន, ហុល្លង់ និងស៊ុយអែតកំពុងឈរនៅលើកំពូលតារាងមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២២។
ប្រទេសន័រវេសកំពុងនាំមុខគេទទួលបានមេដាយមាស១៥គ្រឿង,អាល្លឺម៉ង់ឈរលេខ២ទទួលបានមេដាយមាស១០គ្រឿង, អាមេរិកឈរលេខ៣ទទួលបានមេដាយមាស៨គ្រឿង, ចិនឈរលេខ៤ទទួលបានមេដាយមាស៨គ្រឿង, ហុល្លង់ឈរលេខ៥ ទទួលបានមេដាយមាស៧គ្រឿង, ស៊ុយអែតឈរលេខ៥ដែរទទួលបានមេដាយមាស៧គ្រឿងដូចគ្នា, ស្វ៊ីសទទួលបានមេដាយមាស៧គ្រឿងដែរនិងអូទ្រីសទទួលបានមេដាយមាស៦គ្រឿង។
ចំណែករុស្ស៊ី, បារាំង, កាណាដា និងជប៉ុនកំពុងតាមពីក្រោយដោយឈរចំណាត់ថ្នាក់បន្តបន្ទាប់គិតត្រឹមការប្រកួតព្រឹត្តិការណ៍អូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ដែលបានចាប់ផ្តើមប្រកួតរយៈពេល១៦ថ្ងៃមកនេះ។
ន័រវេសដែលកំពុងឈរលើគេមានមេដាយមាស១៥គ្រឿង, ប្រាក់៨គ្រឿង,សំរិទ្ធិ១១គ្រឿង, លេខ២អាល្លឺម៉ង់មានមេដាយមាស១០គ្រឿង, ប្រាក់៧គ្រឿង, សំរិទ្ធិ៥គ្រឿង, លេខ៣អាមេរិកមានមេដាយមាស៨គ្រឿង, ប្រាក់៨គ្រឿង, សំរិទ្ធិ៥គ្រឿង។ ចំណែកលេខ៤ម្ចាស់ផ្ទះចិនមានមេដាយមាស៨គ្រឿង, ប្រាក់៤គ្រឿង, សំរិទ្ធិ២គ្រឿង, ហុល្លង់ និងស៊ុយអែតឈរលេខ៥ដូចគ្នាមានមេដាយមាស៧គ្រឿង, ប្រាក់៥គ្រឿង, សំរិទ្ធិ៤គ្រឿងដូចគ្នា ខណៈដែលស្វ៊ីសឈរលេខ៧ បានឈ្នះមេដាយមាស៧គ្រឿង, ប្រាក់២ សំរិទ្ធិ៥គ្រឿង។
រីឯលេខ៨បណ្តោះអាសន្នបានទៅអូទ្រីសឈ្នះមេដាយមាស៦គ្រឿង, ប្រាក់៧គ្រឿង និងសំរិទ្ធិ៤គ្រឿង ។
ដោយឡែកប្រទេសនៅតំបន់អាស៊ានមិនទាន់មានប្រទេសណាមួយទទួលបានមេដាយនៅឡើយទេ។
គិតត្រឹមថ្ងៃទី១៩ កុម្ភៈនេះ មានតែន័រវេសមួយគត់កំពុងនាំមុខគេ ជាប្រទេសដែលដណ្តើមបានមេដាយសរុបច្រើនជាងគេរហូតដល់៣៤គ្រឿង ខណៈដែលរុស្ស៊ីឈរលេខ២មានមេដាយ២៧គ្រឿង រីឯកាណាដាឈរលេខ៣ ទទួលបានមេដាយសរុប២៤គ្រឿង និងអាល្លឺម៉ង់ឈរលេខ៤មានមេដាយ២២គ្រឿង៕
ដោយ៖ ភារៈ(រូបភាព ៖ Olympics.com)