ភ្នំពេញ ៖ ទីតាំងហាងតូតូកាហ្វេ មួយកន្លែងជាប់ផ្ទះអតីតចៅសង្កាត់ស្ទឹងមានជ័យទី១ តាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ កំពុងបេីកល្បែងភ្នាល់បាល់ និងបញ្ជល់មាន់តាមអនឡាញ យ៉ាងរលូន មិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចនោះឡេីយ ខណៈបច្ចុប្បន្ននេះជំងឺកូវីដ-១៩បំប្លែងថ្មី (អូមីក្រុង) កំពុងវាយលុកទូរទាំងរាជធានី,ខេត្ត ក្នុងប្រទេសកម្ពុជា ។
ដូច្នេះហេីយប្រជាពលរដ្ឋទទូចស្នេីឲ្យអាជ្ញាធរមានសមត្ថកិច្ចខណ្ឌមានជ័យ ដែលមានលោក វរសេនីយ៍ទោ អ៊ុក បូនីន អធិការខណ្ឌទេីបឡេីងមកកាន់តំណែងថ្មីៗ ជួយបេីកការស្រាវជ្រាវឆ្មក់បង្ក្រាបទីតាំងខាងលេីនេះផង ដេីម្បីចូលរួមបង្ការ ទប់ស្កាត់ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង និងដេីម្បីភូមិ សង្កាត់ ខណ្ឌ គ្មានអំពេីចោរកម្ម លួច ឆក់ ប្លន់ ក្នុងមូលដ្ឋាន ។
ពាក់ព័ន្ធនិងទីតាំងបេីកល្បែងខុសច្បាប់ខាងលេីនេះ ក្រុមការងារមជ្ឈមណ្ឌល កាសែតនគរវត្ត និងនគរដ្រេហ្គន បានធ្វេីការសាកសួរទៅលោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ តាមរយៈ Telegram និងតាមរយៈ messenger ផងដែរ តែមិនមានការឆ្លេីយតប ។
គួររំលឹកថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ធ្លាប់បានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ព័ន្ធនៅក្រោមឱវ៉ាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហា គ្រឿង ញៀន ល។ល។ ព្រោះថា បញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសុីសង ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាពសុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»៕
ដោយ ៖ ជីម ភារ៉ា