នៅយប់ថ្ងៃទី២០ខែកុម្ភៈ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា ករណីឆ្លងកូវីដ១៩ រយៈពេល២៤ម៉ោងកន្លងមក ក្នុងប្រទេសនេះកើនឡើងដល់ទៅ ៤៧.២០០នាក់ ដោយករណីឆ្លងបានរកឃើញនៅក្នុងខេត្តក្រុងចំនួន៦៣ ។ នេះជាករណីឆ្លងខ្ពស់បំផុតមិនធា្លប់មានពីមុនមក។
តំបន់ដែលមានករណីឆ្លងខ្ពស់ជាងគេគឺរដ្ឋធានីហាណូយ មានករណីឆ្លងដល់ទៅ៥ពាន់នាក់ ។ ក្នុងថ្ងៃទី២០ខែកុម្ភៈនេះដែរ ក៏មានអ្នកជាសះស្បើយចេញពីមន្ទីរពេទ្យដល់ទៅ១៣.៤០០នាក់ និងមានអ្នកស្លាប់ ៧៨នាក់ ។ ចំណែកទីក្រុងហូជីមិញ ដែលធ្លាប់ជាចំណុចកណ្តាលនៃការឆ្លងកូវីដ១៩ រកឃើញករណីឆ្លង៨៤៩នាក់ ។ ករណីឆ្លងភាគច្រើនស្ថិតនៅលើតំបន់ភាគខាងជើងនៃប្រទេសវៀតណាម ដែលកំពុងតែមានសីតុណ្ហភាពត្រជាក់ខ្លាំង។
ជាមួយគ្នានេះដែរ នៅទូទាំងប្រទេសវៀតណាម បានចាក់វ៉ាក់សាំង រហូតដល់ទៅ១៩១,៣លានដូសជូនពលរដ្ឋ ។ ក្នុងនោះចាក់ជូនពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង មានជាង១៧៤,៦លានដូស អ្នកចាក់១ដូសមានជាង ៧០,៨លាននាក់ និង ចាក់ពីរដូសមានជាង ៦៧,២លានដូស៕ដោយ ៖ សាធី
រូបថត៖TTXVN