ខេត្តបាត់ដំបង៖ ថ្ងៃអង្គារ ៦ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥ បានប្រារព្ធពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២១ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធាសន្តិ សុខ ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ឯកឯក សំអូន មេបញ្ជាការរងកងទ័ព ជើងគោក មេបញ្ជាការយោធភូមិភាគទី៥ តំណាងដ៏ខ្ពង់ខ្ពស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជា ការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។
អញ្ជើញចូលរួមមាន កងទ័ពជើងគោក ប្រចាំទិស មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង នាយការិយាល័យយោធភូមិភាគទី៥ មេបញ្ជាការ កងពលតូចថ្មើរជើងទាំង៣ តំបន់ប្រតិបត្តិការសឹករងទាំង៤ កងព្រំដែនទាំង៤ និងមេបញ្ជាការ ស្ថាប័នចំណុះយោធភូមិភាគទី៥ ការិយាល័យ កងទ័ពជើងគោក ប្រចាំទិស យោធភូមិភាគទី៥។
មានប្រសាសន៍បូកសរុប ឧត្តមសេនីយ៍ឯក ឯក សំអូន បានលើកកោតសរសើរចំពោះការខិតខំប្រឹងប្រែងអនុវត្តនូវភារកិច្ចរយ:ពេល១ឆ្នាំកន្លងមក ពិតជាបានទទួលលទ្ធផលល្អប្រសើរទទួលបាននូវផ្លែផ្កាគួរជាទីមោទន:។ ដោយឈរលើផែនការការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យរបស់យោធភូមិភាគទី៥ ធ្វើឱ្យគ្រប់អង្គភាពបានអនុវត្តជាប្រចាំនាំឱ្យយើងធានាបានគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន ជាពិសេសលើការងារហ្វឹកហ្វឺន ប្រមូលផ្តុំគ្រប់គ្រងកម្លាំង ជំរុញការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ធានាជីវភាពកងទ័ព មានផ្ទះបាយរួម មានម្ហូបអាហារហូបគ្រប់គ្រាន់ ហើយបានបញ្ជូនកម្លាំងចុះប្រតិបត្តិការជួយសង្រ្គោះប្រជាពលរដ្ឋ រងគ្រោះដោយធម្មជាតិ គ្រោះទឹកជំនន់ ខ្យល់កន្រ្តាក់ ជួយកសាង ជួសជុលផ្ទះ ជួយច្រូតស្រូវជូនប្រជាពលរដ្ឋ ទប់ស្កាត់ពលករ។ល។
ក្នុងដំណាក់កាលកូវីដ១៩នេះ កម្លាំងកងទ័ពយោធភូមិភាគទី៥ ក៏បានចូលរួមចំណែកយ៉ាងសកម្មទប់ស្កាត់ជំងឺកូវីដ១៩ ចូលរួមទាំងកម្លាំងកាយ និងបានស្ម័គ្រចិត្តបរិច្ចាកថវិកាផ្ទាល់ខ្លួនចូលរួមឧបត្ថម្ភជួយដល់រាជរដ្ឋាភិបាល ហើយក្នុងរយ:ពេលជាង១ឆ្នាំ មកទល់ពេលនេះបានបញ្ជូនកម្លាំងយាមល្បាតទប់ស្កាត់ពលករខ្មែរឆ្លងដែនពីថៃ ដើម្បីចាប់បញ្ជូនទៅឱ្យមណ្ឌលធ្វើចត្តាឡីស័ក។
សរុបមកវិញរយ:ពេល១ឆ្នាំកន្លងមកនេះគ្រប់អង្គភាពចំណុះយោធភូមិភាគទី៥យើងបានរួមចំណែក អនុវត្តបានល្អតាមបទបញ្ជា តាមការណែនាំពីប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ ពិសេសមេបញ្ជាការកងទ័ពជើងគោក ដែលធ្វើឱ្យកងទ័ពកាន់តែមានកិត្យានុភាព និងមានទំនុកចិត្តពីប្រជាពលរដ្ឋ គឺនៅពេលជួបការលំបាកគេតែងឃើញវត្តមានកងទ័ពយើងបានចុះជួយជានិច្ច។
លទ្ធផលដែលយើងទទួលបានគឺពិតជាការរួមចំណែកពីនាយទាហាន នាយទាហានរងនិងពលទាហានទាំងអស់ នៅក្នុងយោធភូមិភាគទី៥ ទាំងមូលដែលបានចូលរួមគិត ចូលរួមធ្វើ និងទទួលខុសត្រូវខ្ពស់។
ទិសដៅបន្តសម្រាប់ឆ្នាំ២០២២ ស្នើគ្រប់អង្គភាពចំណុះយោធភូមិភាគទី៥ ត្រូវបន្តយកចិត្តទុកដាក់គោរពអនុវត្តឱ្យបានតាមបទបញ្ជា សារាចរ ការណែនាំ ផែនការ របស់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់លើគ្រប់ជាន់ថ្នាក់ ត្រូវមានការជឿជាក់ ស្មោះត្រង់ ចំពោះរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ខិតខំអនុវត្តបានល្អលើភារកិច្ចការពារជាតិ និងចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទ អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។
ត្រូវពង្រឹងពង្រីកសមត្ថភាពហើយបន្តការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ លើ៤ខ្លឹមសារ របស់យោធភូមិភាគទី៥ ត្រូវចូលរួមយ៉ាងសកម្មបម្រើប្រជាពលរដ្ឋគ្រប់កាល:ទេស: និងយកចិត្តទុកដាក់ដោះស្រាយរាល់ការលំបាករបស់សមាជិកអតីតយុទ្ធជន។
ត្រូវបន្តចូលរួមទប់ស្កាត់ឱ្យបានការឆ្លងរីករាលដាលជំងឺកូវីដ១៩ បំប្លែងថ្មី អូមីក្រុង អនុវត្តមុឺងម៉ាត់តាមវិធានការ ក្រសួងសុខាភិបាល។ សូមរួមសាមគ្គីភាពឯកភាពគ្នា បន្តនូវប្រពៃណីដ៏ល្អផូរផង់នេះជានិរន្តរ៍រៀងរហូត។
ក្នុងឱកាសនេះផងដែរក៏មានការប្រគល់ជូន ទង់ជ័យលាភី ប័ណ្ណសរសើរ លិខិតសរសើរ រង្វាន់ ជូនដល់អង្គភាពមានស្នាដៃឆ្នើមក្នុងការងារ១ឆ្នាំកន្លងទៅ និងប្រគល់អំណោយរបស់ក្រសួងការពារជាតិ ជូនដល់បណ្តាកងឯកភាពផងដែរ៕
ដោយ៖ សូរិយា