រដ្ឋធានី កៀវ(Kiev) បានរងការវាយប្រហារដោយមីស៊ីលឆ្លងទ្វីប នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២២(ពេលវេលាក្នុងតំបន់)។ សារព័ត៌មាន CNN បានផ្សាយថា មានករណីផ្ទុះខ្លាំងពីរលើកនៅកណ្តាលរដ្ឋធានីកៀវ និងការផ្ទុះលើកទីបីនៅក្បែរនោះដែរនាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ។
ក្នុងពេលជាមួយគ្នានេះដែរ មន្ត្រីជាន់ខ្ពស់អាមេរិកបានលើកឡើងថា រដ្ឋធានីអ៊ុយក្រែននឹងត្រូវដួលរលំ ដោយការវាយប្រហារពីរុស្ស៊ីក្នុងពេលដ៏ខ្លីខាងមុខ។ កម្លាំងទាហានរុស្ស៊ីនឹងឡោមព័ទ្ធទាហានអ៊ុយក្រែន ដើម្បីឱ្យកម្លាំងទាហានទាំងនោះទម្លាក់អាវុធចុះចាញ់។
ក្នុងពេលជាមួយគ្នានោះដែរ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានព្រមានកុំឱ្យបណ្ដាប្រទេសដទៃលូកដៃចូលជួយអ៊ុយក្រែន បើពុំដូច្នោះទេពួកគេនឹងត្រូវជួប ផលវិបាកយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្ត្រ ខណៈដែលការព្រមាននេះត្រូវបានក្រុមប្រទេសលោកខាងលិចព្រួយបារម្ភពីការផ្ទុះអាវុធបរមាណូពីសំណាក់
រុស្ស៉ី។
លោក ពូទីន បានធ្វើការព្រមានបែបនេះនៅក្នុងសុន្ទរកថាមួយនៅថ្ងៃទី២៥ខែកុម្ភៈក្រោយពីលោកប្រកាសធ្វើប្រតិបត្តិការយោធាប្រឆាំងអ៊ុយក្រែន។ បុរសខ្លាំងរុស្ស៊ីរូបនេះ មិនបាននិយាយដល់ការប្រើប្រាស់អាវុធបរមាណូនោះឡើយ ប៉ុន្តែការព្រមានរបស់លោកកំពុងបង្កឱ្យមានការព្រួយបារម្ភពីការផ្ទុះសង្រ្គាមបរមាណូ ប្រសិនបើសង្រ្គាមនៅអ៊ុយក្រែនរាលដាលដល់ប្រទេសជាសមាជិក NATOដទៃនៅក្នុងតំបន់អឺរ៉ុបខាងកើត ក្បែរខាងរុស្ស៊ី។
អ៊ុយក្រែនមិនមែនជាសមាជិក NATO ឡើយ ហើយសហរដ្ឋអាមេរិកក៏បានបញ្ជាក់ហើយដែរថា ខ្លួននឹងមិនបញ្ជូនកងទ័ពឱ្យទៅជួយអ៊ុយក្រែន ប្រយុទ្ធ ជាមួយកងទ័ពរុស្ស៊ីនោះទេ។ តែទីក្រុងវ៉ាស៊ីនតោនបានអះអាងថា នឹងចេញមុខចូលជួយភ្លាមៗ បើរុស្ស៊ីឈ្លានពានប្រទេសជាសមាជិក NATO អនុលោមតាមមាត្រា៥ ដែលចែងថា ការវាយប្រហារលើ
សមាជិក NATO គឺជាការវាយប្រហារលើ NATO ទាំងមូលដែលតម្រូវឱ្យប្រទេសជាសមាជិកទាំងអស់ត្រូវចាត់វិធានការឆ្លើយតប៕ ដោយ៖ ធីរីណា
រូបថត៖Getty