ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី Angelina Jolie តារាភាពយន្តហូវីដដ៏ល្បីល្បាញ និងក្រុមរបស់លោកស្រី ជាភ្ញៀវរបស់ Maisons Wat Kor (ផ្ទះវត្តគរ) ក្រុង-ខេត្តបាត់ដំបង !

ចែករំលែក៖

ភ្នំពេញ ៖ មិនត្រឹមតែពេលនេះទេ កន្លងមកលោកស្រី Angelina Jolie តារាភាពយន្តហូវីដដ៏ល្បីល្បាញ និងក្រុមការងាររបស់លោកស្រី តែងជាភ្ញៀវរបស់ Maisons  Wat Kor (ផ្ទះវត្តគរ) ក្រុង-ខេត្តបាត់ដំបង ! ទទួលដំណេកនៅទីនោះរាប់ខែកន្លងមក ។ នេះជាលើកឡើងរបស់លោក គឹម នូ ម្ចាស់ទីតាំង Maisons  Wat Kor (ផ្ទះវត្តគរ) ក្រុង-ខេត្តបាត់ដំបង ហើយទីតាំងរបស់គាត់ក៏Maisons  Wat Kor (ផ្ទះវត្តគរ) ក៏ ត្រូវផ្សព្វផ្សាយពាណិជ្ជកម្មជាដៃគូ របស់ មជ្ឈមណ្ឌលសារព័ត៌មាន នគរវត្ត  ,មានកាសែត”នគរវត្ត” គេហទំព័រ”នគរវត្ត” គេហទំព័រ”នគរដ្រេហ្គន” និង Online គឺផ្សាយយ៉ាងទូលំទូលាយ ក្នុងនិងក្រៅប្រទេស ធ្វើអោយបរទេសជាច្រើនបានស្គាល់ Maisons  Wat Kor (ផ្ទះវត្តគរ) ក្រុង-ខេត្តបាត់ដំបង តាមរយៈការផ្សព្វផ្សាយនេះ។ 

លោកបន្តថា, យើងពិតជាមានកិត្តិយសណាស់ ! ដែលបាន លោកស្រី Angelina Jolie និងក្រុមរបស់លោកស្រី ជាភ្ញៀវរបស់ Maisons  Wat Kor។ គាត់រំភើបបាន Angelina Jolie ទូរស័ព្ទមកគាត់ នាពេលព្រលប់ បន្ទាប់ពីលោកស្រី ទៅទស្សនាកម្សាន្តនៅខេត្តសៀម គាត់ត្រូវមកស្នាក់នៅ Maisons  Wat Kor ។ លោក គឹម នូ បានបន្តថា, ជាកិត្តិយសណាស់របស់ប្រទេសកម្ពុជាយើង ដែលមាន សន្តិភាព ពេញលេញ ធ្វើអោយពិភពលោក ទទួលស្គាល់ ហើយទទួលបានភ្ញៀវទេសចរណ៍ បរទេស មកគ្រប់ទិសទី ប្រកបដោយទំនុកចិត្ត សម្រាប់ សន្តិសុខ នៅកម្ពុជា ។ ជាក់ស្តែង លោកស្រី Angelina Jolie តារាភាពយន្តហូវីដដ៏ល្បីល្បាញ និងក្រុមរបស់លោកស្រី មកកម្ពុជា ជាលក្ខណៈសាមញ្ញបំផុត ហើយគាត់ទុកកម្ពុជា ដូចជាទឹកដីប្រទេសរបស់គាត់ មានភាពកក់ក្តៅ ។ លោកបន្តថា, តារាភាពយន្តហូលីវូដ Angelina Jolie បាននិយាយពិភាក្សាគ្នាលេងជាមួយលោក និងភរិយាលោក តាំងពីព្រលប់រហូតដល់ម៉ោង២រំលងអាធ្រាត្រ គោលដៅសំខាន់មកពេលនេះ ជាការបំពេញបេសកកម្មក្នុងរមណីយដ្ឋានអង្គរ ដើម្បីបង្កើតកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី ។ លោកស្រី Angelina Jolie តារាភាពយន្តហូលីវូដ មុនចាកចេញពី Maisons  Wat Kor (ផ្ទះវត្តគរ) ក្រុង-ខេត្តបាត់ដំបង របស់លោក នៅម៉ោង៩ព្រឹក គាត់បានអញ្ជើញក្រុមគ្រូពេទ្យ មកធ្វើតេស្តកូវីដ-១៩ ទាំងអស់គ្នា មានន័យថា, គាត់ចូលរួមអនុវត្តតាមវិធានការ របស់ក្រសួងសុខាភិបាលកម្ពុជា យ៉ាងខ្ជាប់ខ្ជួនបំផុត។ ទទួលតេស្តអវិជ្ជមាន ទើបគាត់បានឡើង (អេឡេកូ) ចេញពីក្រុងបាត់ដំបង ទៅកាន់រាជធានីភ្នំពេញ។ 

សូមបញ្ជាក់ថា, នៅខេត្តសៀមរាប អាជ្ញាធរ​ជាតិ​អប្សរា​ឱ្យ​ដឹង​ថា​ លោកស្រី Angelina Jolie បានមកបំពេញបេសកកម្មការងារនៅឧទ្យានជាតិអង្គរ កាលពីថ្ងៃទី២០ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ និងបានចូលរួមពិធីសម្ពោធជាផ្លូវការនៃកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី(Women for Bees) ក្រោមកិច្ចសហការជាមួយអង្គការយូណេស្កូ និងសម្របសម្រួលដោយអាជ្ញាធរជាតិអប្សរា។

កម្មវិធីចិញ្ចឹមឃ្មុំនេះមានគោលបំណងជួយអភិរក្សប្រភេទឃ្មុំ Apis cerana និង Apis dorsata ដែលមានដើមកំណើតនៅក្នុងឧទ្យានអង្គរ  លើកកម្ពស់ការចិញ្ចឹមឃ្មុំប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពស្ត្រីក្នុងការរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ។ សូមបញ្ជាក់ថា លោកស្រី Angelina Jolie គឺជាស្ថាបនិកនៃគម្រោង UNESCO-GUERLAIN “Women for bees” ដែលឧបត្ថម្ភដោយក្រុមហ៊ុន GUERLAIN។

ក្នុងបេសកកម្មនេះ លោកស្រី Angelina Jolie បានទៅទស្សនាប្រាសាទអង្គរវត្តផងដែរ។ ការបង្ហាញវត្តមានដ៏សំខាន់ក្នុងបេសកកម្មរបស់ខ្លួននៅពេលនេះ តារាហូលីវូដរូបនេះ ក៏បានជួយផ្សព្វផ្សាយតំបន់រមណីយដ្ឋានអង្គរ ទៅកាន់ពិភពលោកថែមមួយកម្រិតទៀត ពិសេសក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ដើម្បីបញ្ជាក់ថា កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្តិភាព។ 

សូមបញ្ជាក់ថា, វត្តមានតារាសម្តែងកំពូលលំដាប់ហូលីវូដលោកស្រី Angelina Jolie ល្បីល្បាញពេញពិភពលោក ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញកំពុងជិះម៉ូតូកង់៣យ៉ាងសាមញ្ញានៅកណ្តាលរាជធានីភ្នំពេញ , សូម្បីតែបរទេស និងបងប្អូនប្រជាពលរដ្ឋខ្មែរយើងបានថតពីសកម្មភាពគាត់ ដោយរំភើប ស្រឡាញ់ ជាមួយការ ផ្ទុះការភ្ញាក់ផ្អើលនឹងចាប់អារម្មណ៍ខ្លាំងសម្រាប់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកក្រោយពីបុរសម្នាក់បានទម្លាយវីដេអូនៃការប្រទះឃើញដោយចៃដន្យនូវវត្តមានតារាសម្តែងកំពូលលំដាប់ហូលីវូដលោកស្រី Angelina Jolie នៅលើម៉ូតូកង់៣យ៉ាងសមញ្ញ។ នេះគឺជារឿងភ្ញាក់ផ្អើលថ្មីមួយទៀតក្រោយពីមុននេះលោកស្រីបានបង្ហាញវត្តមាននៅលើទឹកដីនៃតំបន់អង្គរខេត្តសៀមរាប។

រួមដំណើរជាមួយលោកស្រី Angelina Jolie គឺអ្នកស្រី អ៊ឹង លឿង ដែលជាអ្នកនិពន្ធរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» កំពុងធ្វើដំណើរតាមរ៉ឺម៉កកង់បីឥណ្ឌាយ៉ាងសាមញ្ញបំផុតនៅកណ្តាលរាជធានីភ្នំពេញ។យោងទៅតាមគណនីហ្វេសបុកមួយឈ្មោះ Rick Kh បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងរំភើបចិត្តជាទីបំផុត ដោយបានឃើញកំពូលតារាសញ្ជាតិអាមេរិករូបនេះដោយចៃដន្យ។ វីដេអូខ្លីមួយនេះក៏ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសបុកនៅកម្ពុជា ធ្វើការចែករំលែកជាបន្តបន្ទាប់ និងបង្ហាញការភ្ញាក់ផ្អើល ដោយមិននឹកស្មានថា លោកស្រី Angelina Jolie បង្ហាញខ្លួនយ៉ាងសាមញ្ញបែបនេះ។ នៅថ្ងៃដដែលនេះដែរ ពោលគឺក្នុងថ្ងៃទី ២៣ កុម្ភៈ ២០២២ នេះ គេបានប្រទះឃើញលោកស្រី Angelina Jolie បានធ្វើដំណើរទៅកាន់ខេត្តបាត់ដំបង ក្រោយចេញពីខេត្តសៀមរាប និងបានធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ហើយបានធ្វើដំណើរទៅទិញវត្ថុអានុស្សាវរីយ៍នៅក្នុងផ្សារទួលទំពូងថែមទៀតផង។នេះគឺជាការបង្ហាញខ្លួនដ៏ភ្ញាក់ផ្អើលសារជាថ្មីទៀតហើយនៅកម្ពុជា បន្ទាប់ពីកាលពីថ្ងៃទី២២ កុម្ភៈកន្លងទៅនេះលោកស្រីបានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលនៅតំបន់ប្រាសាទអង្គរវត្តខេត្តសៀមរាបនោះ។

វត្តមានរបស់លោកស្រីនៅកម្ពុជាបាននិងកំពុងតែទទួលបានការចាប់អារម្មណ៍ច្រើនពីប្រជាពលរដ្ខកម្ពុជា និងបណ្តាញសារព័ត៌មានអន្តរជាតិជាច្រើនផងដែរ។ គួរបញ្ជាក់ផងដែរថាដំណើរមកកាន់កម្ពុជាគ្រានេះគឺ ស្ថិតក្នុងបុព្វហេតុក្នុងបេសកកម្មដ៏សំខាន់មួយគឺជាការចូលរួមជួយដល់ស្ត្រីខ្មែរដោយបង្កើតកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រីឬWomen for Bees ក្រោមកិច្ចសហការជាមួយអង្គការយូណេស្កូ និងសម្របសម្រួលដោយអាជ្ញាធរជាតិអប្សរា។កម្មវិធីចិញ្ចឹមឃ្មុំនេះមានគោលបំណងជួយអភិរក្សប្រភេទ២ប្រភេទដែលមានដើមកំណើតនៅក្នុងឧទ្យានអង្គរ។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងអំណរ គុណចំពោះលោកស្រី Angelina Jolie តារាភាពយន្តហូវីដដ៏ល្បីល្បាញដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារនិង អភិរក្សធនធានធម្មជាតិនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត និងការសហការលើផ្នែកផ្សេងៗទៀត។ ការថ្លែងអំណរគុណនេះបានធ្វើឡើងក្នុងជំនួបគួរសមមួយរវាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកស្រី Angelina Jolie នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ម្សិលមុិញ នៅទីស្តីការក្រសួងបរិស្ថាន នៅអំឡុងលោកស្រីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ លោករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ពីការបន្តកិច្ចសហការ និងការគាំទ្ររបស់ក្រសួងបរិស្ថាន ចំពោះគម្រោងអភិរក្សដែលផ្តួចផ្តើមដោយលោកស្រី  Angelina Jolie៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖