ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់

ចែករំលែក៖

ប្រទេសអាល្លឺម៉ង់ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសែចក្តីប្រកាសព័ត៌មាន បញ្ជាក់អោយដឹងថា, តបតាមការអញ្ជើញរបស់លោកស្រី ANNALENA BAERBOCK រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ដែលជាទស្សនកិច្ចលើកទីមួយក្នុងរយៈពេល ២៥ ឆ្នាំ បន្ទាប់ពីការ ផ្លាស់ប្តូរដំណើរទស្សនកិច្ចចុងក្រោយនៅក្នុងខែមករា ឆ្នាំ ១៩៩៧ ដើម្បីជំរុញទំនាក់ទំនងមិត្តភាពដ៏ ល្អប្រសើរ និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

ក្នុងឱកាសបំពេញទស្សនកិច្ចនេះ លោក ប្រាក់ សុខុន បានជួបពិភាក្សាការងារផ្លូវការជាមួយ លោកស្រី ANNALENA BAERBOCK ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការ ជាមួយអាស៊ាន និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ស្ថានភាពនៅមីយ៉ាន់ម៉ា និងនៅអ៊ុយក្រែន និងការប្រែប្រួល អាកាសធាតុ ព្រមទាំងប្រធានបទផ្សេងៗជាច្រើនទៀត។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោក ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះទំនាក់ ទំនងទ្វេភាគីប្រកបដោយគុណភាព ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាន់ ខ្ពស់ និងការចុះហត្ថលេខាថ្មីៗនេះលើសេចក្ដីថ្លែងការណ៍រួមស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ កាលពីថ្ងៃទី២៦ ខែមករា កន្លងទៅ និងកិច្ចប្រជុំ ពិគ្រោះយោបល់លើកទីមួយដែលបានប្រព្រឹត្តទៅនាថ្ងៃដដែលនៅរាជធានីភ្នំពេញ។

លោក ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយដែលអាល្លឺម៉ង់ តែងតែផ្តល់ ជូនកម្ពុជាជាបន្តបន្ទាប់ ចាប់តាំងពីពេលដែលកម្ពុជាកំពុងកសាងសន្តិភាពក្នុងឆ្នាំ១៩៩២  ដែលក្នុង នោះមានទឹកប្រាក់សរុប ៥៨០លានអឺរ៉ូ រួមទាំងការសន្យារបស់អាល្លឺម៉ង់ផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៥៣ លានអឺរ៉ូ ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការបច្ចេកទេសសម្រាប់រយៈពេល ២០២១-២០២២ និងហិរញ្ញប្បទានឥតសំណងប្រមាណ ១៤ លានអឺរ៉ូ ដើម្បីគាំទ្រដល់វិធានការ ឆ្លើយតបបន្ទាន់របស់រាជរដ្ឋាភិបាលទៅនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ លោក ប្រាក់ សុខុន ក៏បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាប្រមាណ៩០% បានទទួលការចាក់វ៉ាក់សាំង នៅទូទាំងប្រទេស។ លោកស្រី ANNALENA BAERBOCK បានស្ងើចសរសើរចំពោះសមិទ្ធផល ទាំងនេះហើយបានបង្ហាញពីឆន្ទៈរបស់អាល្លឺម៉ង់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បី លុបបំបាត់ជំងឺរាតត្បាតនេះនៅទូទាំងពិភពលោក។

កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយអាល្លឺម៉ង់ ដើម្បីប្រយុទ្ធប្រឆាំងនឹង បម្រែបម្រួលអាកាសធាតុ និងបានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់អាល្លឺម៉ង់ក្នុងការអភិវឌ្ឍ ផែនការយុទ្ធសាស្ត្រជាតិបន្សំនឹងការប្រែប្រួលអាកាសធាតុ (National Adaptation Plan) ដោយ សហការជាមួយទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) កម្ពុជាប្តេជ្ញា បង្កើនថាមពលកកើតឡើងវិញដល់ ២៥% នៃប្រភពថាមពលរួមថ្នាក់ជាតិនៅឆ្នាំ២០៣០ និងក្លាយ ជាប្រទេសមានតុល្យភាព កាបូន ( Carbon Neutral) នៅឆ្នាំ ២០៥០ ។

រដ្ឋមន្ត្រីទាំងពីរបានផ្លាស់ប្ដូរយោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលផលប្រយោជន៍ក៏ដូចជាកង្វល់ នៅក្នុងតំបន់ទាំងពីរ ៖

ចំពោះបញ្ហានៅមីយ៉ាន់ម៉ា ភាគីទាំងពីរបានឯកភាពគ្នាលើភាពចាំបាច់ក្នុងការអនុវត្តកិច្ច ព្រមព្រៀងជាឯកច្ឆន្ធ៥ចំណុច ដើម្បីជួយឱ្យប្រទេសនេះវិលត្រឡប់មករកប្រក្រតីភាព ឡើងវិញ។ ទាក់ទិននឹងបញ្ហានេះ លោកជំទាវ ANNALENA BAERBOCK រដ្ឋមន្ត្រីការ បរទេសនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់បានសម្តែងការគាំទ្រកម្ពុជា ជាប្រធានអាស៊ាន និងបេសកជនពិសេសនៃប្រធានអាស៊ាន ដែលមានគម្រោងធ្វើដំណើរទៅកាន់ប្រទេស មីយ៉ាន់ម៉ា ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ពោលគឺក្នុងការស្វែង រកមូលដ្ឋានរួមក្នុងការបញ្ចប់អំពើហិង្សា ការផ្ដល់ជំនួយមនុស្សធម៌ និងការបង្កើត បរិយាកាសអំណោយផល ដើម្បីចាប់ផ្ដើមការសន្ទនាក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់។ លោកស្រីរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បានបង្ហាញពីឆន្ទៈរបស់អាល្លឺម៉ង់ក្នុងការចូលរួម ក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា។

ក្នុងអំឡុងពេលពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែន លោកស្រី ANNALENA BAERBOCK បានសង្កត់ធ្ងន់អំពីសារសំខាន់នៃសាមគ្គីភាព និងភាពជាដៃគូរវាង G7 និង ពិភពលោក និងការរក្សាបាននូវនីតិរដ្ឋក្នុងកិច្ចការអន្តរជាតិ ដែលជាមូលដ្ឋានគ្រឹះអាស៊ាន។ ភាគីទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការធានាបាននូវសន្តិភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ និងវិបុលភាពរួមគ្នា។

រដ្ឋមន្ត្រីទាំងពីរក៏បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរការគាំទ្រគ្នាទៅវិញទៅមក សម្រាប់បេក្ខភាពរបស់ខ្លួននៅក្នុងស្ថាប័នអន្តរជាតិ។

កិច្ចពិភាក្សានេះបានប្រព្រឹត្តទៅក្នុងបរិយាកាសយ៉ាងល្អប្រសើរ ប្រកបដោយមិត្តភាពដ៏កក់ក្តៅនិង ប្រកបដោយការយោគយល់ និងគាំទ្រគ្នាទៅវិញទៅមក៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖