ព័ត៌មានទាន់ហេតុការណ៍៖

ចិនបាន«បោះខ្សែសង្គ្រោះ»ឲ្យរុស្ស៊ីដើម្បីមោឃៈការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច

ចែករំលែក៖

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានប្រកាសឱ្យដឹងថា ចិនបានបន្ថយការរឹតត្បិតទាំងអស់សម្រាប់វិស័យពាណិជ្ជកម្មជាមួយរុស្ស៊ី គឺជារឿងមិនអាចទទួលយកបានឡើយ។ នោះមិនខុសអ្វីដែលចិនបោះខ្សែសង្គ្រោះឱ្យរុស្ស៊ីគេចពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច ពាក់ព័ន្ធនឹងការវាយប្រហារអ៊ុយក្រែន។
ក្នុងពេលនេះចិនបានលុបចោលការរឹតត្បឹតការនាំចូលម្សៅមីពីរុស្ស៊ី ខណៈដែលប្រទេសជាច្រើនផ្សេងទៀតនៅតែបន្តដាក់ទណ្ឌកម្មនៅឡើយទេ ។ នាយករដ្ឋមន្ត្រីអូស្ត្រាលី បានបញ្ជាក់នៅថ្ងៃទី២៥ខែកុម្ភៈថា «អ្នកមិនគួរនឹងទៅបោះខ្សែសង្គ្រោះដល់រុស្ស៊ីដែលកំពុងតែវាយប្រហារទៅលើប្រទេសផ្សេងទៀតឡើយ»។
កន្លងមកចិនបានបន្ថយការនាំចូលទំនិញពីរុស្ស៊ីដោយបញ្ហាផ្សេងៗ តែពេលនេះចិនបានលុបចោលបម្រាមទាំងស្រុងដើម្បីជួយដល់រុស្ស៊ី មានកម្លាំងរឹងមាំមិនខ្វល់ពីបញ្ហាសេដ្ឋកិច្ចដើម្បីធ្វើសង្គ្រាម។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Morrison បានប្រកាសថា «ក្នុងពេលបច្ចុប្បន្នពិភពលោកកំពុងតែនាំគ្នាដាក់ទណ្ឌកម្មបន្ថែមទៅលើប្រទេសរុស្ស៊ី ដោយសារតែការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន ផ្ទុយទៅវិញចិនបន្ថយការរឹតត្បិតនិងបង្កើនវិស័យពាណិជ្ជកម្មជាមួយរុស្ស៊ីបន្ថែមទៀត ដែលជារឿងមិនអាចទទួលយកបានឡើយ»។
បណ្តាប្រទេសលោកខាងលិច មានអូស្ត្រាលី អាមេរិក អង់គ្លេស ជប៉ុន និងប្រទេសសហគមន៍អឺរ៉ុបបានដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី លើកលែងតែចិនប៉ុណ្ណោះដែលបង្កើនវិស័យពាណិជ្ជកម្មជាមួយរុស្ស៊ី ក្លាយជាខ្នងបង្អែកដ៏រឹងមាំក្នុងវិស័យសេដ្ឋកិច្ច មិនខ្វល់ពីការដាក់ទណ្ឌកម្មពីលោកខាងលិចនោះឡើយ៕ ដោយ៖ ធីរីណា

រូបថត៖saigondautu.com.vn


ចែករំលែក៖