ព័ត៌មានទាន់ហេតុការណ៍៖

ប្រឡាយ​ដោះ​ទឹកភ្លៀង​ក្នុង​ក្រុងព្រះសីហនុ​ ដែល​​កាយ​ស្តារ​កាលពី​ឆ្នាំមុន​ ​ពេលនេះ​មានការ​គោក​រាក់​វិញ​អស់​ដោយសារ​ដី​ និង​ខ្សាច់​ហូរ​មកពី​ទី​ខ្ពស់​កាលពី​ក្នុង​រដូវវស្សា

ចែករំលែក៖

​    ខេត្ត​ព្រះសីហនុ​៖​ បើតាម​ការ​បញ្ជាក់​ពី​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​ព្រះសីហនុ​ លោក ហេង សោភ័ណ​រិ​ទ្ធ បានថ្លែង​ឱ្យ​ដឹង​នៅព្រឹកថ្ងៃសុក្រទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ​ថា៖​ ប្រឡាយ​អូរ​ឈើទាល​ ដែល​ជាប្រឡាយ​ដោះ​ទឹកភ្លៀង​ក្នុង​ក្រុងព្រះសីហនុ​  ដែល​បាន​កាយ​ស្តារ​កាលពី​ឆ្នាំមុន​នោះ​! ពេលនេះ​មានការ​គោក​រាក់​វិញ​អស់​ដោយសារ​ដី​ និង​ខ្សាច់​ហូរ​មកពី​ទី​ខ្ពស់​កាលពី​ក្នុង​រដូវវស្សា​។ 

ប្រធាន​មន្ទីរ​ធនធានទឹករូបនេះ​ បានថ្លែងបន្តថា​ បច្ចុប្បន្នប្រឡាយ​ដោះ​ទឹកភ្លៀងនេះ កំពុង​ត្រូវបាន​កាយ​ស្តារឡើងវិញ​ជាថ្មី​ដោយ​មន្ទីរជំនាញ​ និង​តាម​ការណែនាំ​របស់លោក​គួច ចំរើន​ ​អភិបាលខេត្ត​ព្រះសីហនុ ដោយ​ធ្វើយ៉ាងណា​ឱ្យបាន​រួចរាល់​មុន​រដូវភ្លៀង​ធ្លាក់​ជោគជាំ​មកដល់​ គឺ​ធ្វើ​ទាន់ពេល​នៅមាន​ផ្លូវ​អាច​ចេញចូល​គ្រឿងចក្រ​បាន​។

លោក ហេង សោភ័ណ​រិ​ទ្ធ​ បានបញ្ជាក់បន្ថែមថា​ ប្រឡាយ​ដែល​កាយ​ស្តារ​ដោយ​មន្ទីរ​ធនធានទឹក​នេះ​ បានធ្វើ​ចាប់ពី​ចំណុច​ក្រោម​ម្លប់​តាប៉ាង​ទៅដល់​អូរ​អាចម៍​មឹក ដោយបាន​ចាប់ផ្តើម​អនុវត្ត​រយៈពេល​មួយ​សប្តាហ៍​រួចមកហើយ​។​ លោកប្រធាន​មន្ទីរ​រូបនេះ​ បន្តថា​ ប្រឡាយ​កំពុង​ស្តារ​នេះ​ មាន​ទំហំ​ទទឹង​១៥​ម៉ែត្រ ដោយ​ប្រើ​គ្រឿង​ក្រពី​រគ្រឿង ដី​និង​ខ្សាច់​ដែល​កាយ​ចេញពី​ក្នុង​ពោះ ប្រឡាយ​ដាក់​នៅ​សងខាង​ប្រឡាយ​ជា​បណ្តោះអាសន្ន​រង់ចាំ​ដល់​ស្ងួត​ទើប​រក​មធ្យោបាយ​ដឹក​ចេញ ពេលនេះ​បើ​មាន​អ្នកណា​ត្រូវការ​ដីខ្សាច់​ដែល​បាន​កាយ​ចេញពី​ប្រឡាយ​នេះ​អាចមក​ដឹកយក​ទៅបាន​។ ប្រឡាយ​ផ្សេងទៀត​ក៏មាន​ការ​គោក​រាក់​ដែរ តែ​ត្រូវធ្វើ​ដោយ​មន្ទីរ​សាធារណការ​។​

សូមជម្រាបថា​ ក្រុងព្រះសីហនុ​ មួយរយៈពេលចុងក្រោយនេះ​ប៉ុន្មាន​ឆ្នាំ​នេះ​ គេ​ឃើញ​មានការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​រាល់​ឆ្នាំ ទោះបីជា​អូរ​និង​ប្រឡាយ​ត្រូវបាន​ការស្តារ​រួច​ជា បន្តបន្ទាប់​ហើយ​ក៏ដោយ​នៅពេល​មាន​ភ្លៀង​ធ្លាក់​លើសពី​កម្រិត​១០០​មី​លី​ម៉ែត្រ​ក្នុង​រយៈពេល​ខ្លី​នោះ ដោយសារ​ក្រុងព្រះសីហនុ​ជា​តំបន់​មាន​សណ្ឋាន​ដី​ខ្ពស់​ទាប​(​ភ្នំ​)​ធ្វើ​ទឹកភ្លៀង​ហូរ​គំហុក​ទៅកាន់​តំបន់​ទំនាប​នាំឱ្យមាន​ការលិចលង់​។​ ប៉ុន្តែ​ទោះជា​យ៉ាងណា​ ​បញ្ហា​លិចលង់នេះ​ត្រូវបាន​គេ​មើលឃើញថា​បាន​កាត់បន្ថយ​ពី​ការលិចលង់​មាន​រយៈពេល​ច្រើន​ថ្ងៃ​មក​នៅត្រឹម​រយៈពេល​ច្រើន បន្ទាប់ពី​អូរ​ និង​ប្រឡាយ ត្រូវបាន​កាយ​ស្តារឡើងវិញ​ជា​បន្តបន្ទាប់​ផងដែរ​​៕​

ដោយ​៖ស​ តារា​


ចែករំលែក៖