ខេត្តព្រះសីហនុ៖ ជាមោទកភាពរបស់ជាតិកម្ពុជា ដែលទីក្រុងព្រះសីហនុទទួលបានពានរង្វាន់និរន្តរភាពបរិស្ថានទីក្រុងអាស៊ាន និងរាជធានីភ្នំពេញបានទទួលវិញ្ញាបនបត្រទទួលស្គាល់ទឹកស្អាត ទីក្រុងសែនមនោរម្យបានទទួលវិញ្ញាបនបត្រទទួលស្គាល់ដីស្អាត និងទីក្រុងកែបបានទទួលវិញ្ញាបនបត្រទទួលស្គាល់ខ្យល់ស្អាតសម្រាប់ឆ្នាំ២០២១កន្លងមកនេះ។ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថានដែលបានឱ្យដឹងនៅថ្ងៃសុក្រទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
សូមជម្រាបថា ពិធីប្រគល់ពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន និងវិញ្ញាបនបត្រទទួលស្គាល់ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត ដល់ទីក្រុងរបស់ព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ នាទីស្តីការក្រសួងបរិស្ថាន។
គួររំលឹកថា សម្រាប់កម្ពុជា រាជធានីភ្នំពេញបានទទួលពានរង្វាន់និរន្តរភាពបរិស្ថានទីក្រុងអាស៊ាននាឆ្នាំ២០០៨ និងឆ្នាំ២០១១ ទីក្រុងបាត់ដំបងបានទទួលនាឆ្នាំ២០១៣ ទីក្រុងកែបបានទទួលនាឆ្នាំ២០១៧ និងទីក្រុងព្រះស៊ីហនុបានទទួលនាឆ្នាំ២០២១កន្លងទៅថ្មីៗនេះ។ ទន្ទឹមនឹងនោះ ទីក្រុងសៀមរាបបានទទួលវិញ្ញាបនបត្រទទួលស្គាល់ទឹកស្អាតនាឆ្នាំ២០១៣ ទីក្រុងពោធិ៍សាត់បានទទួលវិញ្ញាបនបត្រទទួលស្គាល់ទឹកស្អាតនាឆ្នាំ២០១៧ និងសម្រាប់ឆ្នាំ២០២១ កន្លងមកនេះរាជធានីភ្នំពេញបានទទួលវិញ្ញាបនបត្រទទួលស្គាល់ទឹកស្អាត ទីក្រុងសែនមនោរម្យបានទទួលវិញ្ញាបនបត្រទទួលស្គាល់ដីស្អាត និងទីក្រុងកែបបានទទួលវិញ្ញាបនបត្រទទួលស្គាល់ខ្យល់ស្អាតដែលជាក្តីមោទនៈរបស់ជាតិយើង។
សម្រាប់គោលបំណងនៃការផ្តល់ពានរង្វាន់ និងវិញ្ញាបនបត្រទទួលស្គាល់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន គឺដើម្បីលើកកម្ពស់ការយល់ដឹងពីការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងបណ្តាប្រទេសអាស៊ាន ឈានទៅសម្រេចបាន ទីក្រុងស្អាតនិងបៃតង។ ពានរង្វាន់ទាំងពីរនេះបញ្ជាក់ពីសារៈសំខាន់នៃការថែរក្សាខ្យល់ឱ្យបានស្អាត ដីស្អាត និងទឹកស្អាត ខណៈដែលទីក្រុងអាស៊ានត្រូវបន្តការអភិវឌ្ឍប្រកបដោយចីរភាព។ ទាំងនេះគាំទ្របន្ថែមលើអាទិភាពនៃការពង្រឹងសមត្ថភាពក្នុងតំបន់ក្នុងការរៀបចំផែនការទីក្រុង និងការកសាងទីក្រុងដែលធន់នឹងអាកាសធាតុ។ នៅក្នុងក្របខ័ណ្ឌនៃការផ្តល់ពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន គឺបានរៀបចំរៀងរាល់៣ឆ្នាំម្តង ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៧ និងរៀងរាល់៤ឆ្នាំម្តងក្រោយពីឆ្នាំ២០១៧ ហើយដែលការប្រគល់ពានរង្វាន់ និងវិញ្ញាបនបត្រទទួលស្គាល់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន បានធ្វើនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន។
ជាមួយគ្នានេះដែរ ដើម្បីជួយគាំទ្រនិងជំរុញការអនុវត្តយុទ្ធសាស្ត្រទីក្រុងនៃប្រទេសអាស៊ាន ប្រកបដោយភាពស្អាត និងបៃតង វិទ្យាស្ថានយុទ្ធសាស្រ្ដបរិស្ថានពិភពលោក (IGES) នៃប្រទេសជប៉ុន បានគាំទ្រជាថវិកានិងបច្ចេកទេសដល់កម្មវិធីទីក្រុងគំរូអាស៊ានចំនួន៤០ នៃបណ្តាប្រទេសអាស៊ាន ចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៧ ដោយបែងចែកជា ៣ដំណាក់កាល។ ក្នុងដំណាក់កាលទី១ ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១២ សម្រាប់កម្ពុជាមានរាជធានីភ្នំពេញ និងក្រុងសៀមរាបបានចូលរួមអនុវត្ត ក្នុងដំណាក់កាលទី២ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៥ មានរាជធានីភ្នំពេញនិងក្រុងពោធិ៍សាត់បានចូលរួមអនុវត្ត និងដំណាក់កាលទី៣ ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៧ មានក្រុងពោធិ៍សាត់និងក្រុងកែបបានចូលរួមអនុវត្ត។
បន្ទាប់ពីបញ្ចប់ដោយជោគជ័យនូវកម្មវិធីទីក្រុងគំរូអាស៊ាន កម្មវិធីទីក្រុងឈានមុខអាស៊ានត្រូវបានដាក់ឱ្យអនុវត្ដចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ផងដែរ ហើយដែលមានទីក្រុងកែបបានទទួលកិត្តិយសជ្រើសរើសជាទីក្រុងឈានមុខអាស៊ាន ចំណែកទីក្រុងកំពតនិងទីក្រុងពោធិ៍សាត់ត្រូវបានជ្រើសរើសជាទីក្រុងគំរូអាស៊ាន។
តាមរយៈការចូលរួមការអនុវត្តកម្មវិធីទីក្រុងគំរូអាស៊ាន និងកម្មវិធីទីក្រុងឈានមុខអាស៊ាន គឺបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការយល់ដឹងពីការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព លើការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ការគ្រប់គ្រងសំណល់រាវ ការទប់ស្កាត់ការបំពុលខ្យល់ ការធ្វើអនាម័យនៅតាមសាលារៀន ទីសាធារណៈ ធានាបានការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុង ទីប្រជុំជនក្រុង ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ២០១៦-២០៣០៕
ដោយ៖សហការី