ភ្នំពេញ៖ រថយន្តក្រុងមួយគ្រឿងបានខូចនៅលើដងផ្លូវអស់ពេលជាច្រើនម៉ោង រង់ចាំជាងមកជួសជុល ស្រាប់តែមានរថយន្តស៊េរីទំនើប mazda មួយគ្រឿងបើកមកបុកពីក្រោយពេញទំហឹងបណ្ដាលឱ្យរងការខាចខាតទាំងសងខាងយ៉ាងដំណំ តែសំណាងល្អមិនបង្កឱ្យមានអ្នករងរបួសឡើយ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ ២០២២ នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីឋិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមការរៀបរាប់ពីតៃកុងរថយន្តក្រុងបានប្រាប់ឱ្យដឹងថា មុនកើតហេតុរូបគាត់បានបើករថយន្តក្រុងមួយគ្រឿងបិទឡូហ្គោភេសជ្ជៈខារ៉ាបាវ ពាក់ស្លាកលេខភ្នំពេញ3B-5667ចេញពីក្រុងព្រះសីហនុឆ្ពោះមកទីក្រុងភ្នំពេញ ដោយធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី លុះមកដល់ចំណុចខាងលើស្រាប់តែរថយន្តខូចទៅមុខលែងរួច។ប្រភពដដែលបានបន្តទៀតថា រថយន្តក្រុងដែលខូចនេះគឺតាំងពីម៉ោង៥ល្ងាចមកម្ល៉េះ ហើយរង់ចាំជាងមកជួសជុល និងបានដាក់បារាសបាំងខាងក្រោយជាសញ្ញាផងដែរ។ លុះមកដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែមានបុរសម្នាក់សង្ស័យស្រវឹងស្រាបានបើកបររថយន្តស៊េរីទំនើបម៉ាកmazda ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BJ-1589 ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនមកបុករថយន្តក្រុងពីក្រោយពេញទំហឹងបណ្ដាលឱ្យបេុីងបារាសដាក់បាំងនៅខាងក្រោយរថយន្តក្រុងជាង២០ម៉ែត្រ ចំណែករថយន្តទាំងសងខាងរងការខូចខាតដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕
ដោយ៖សខាសែនជ័យ