ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តបត់ត្រឡប់ក្រោយមិនប្រយ័ត្នធ្វើឱ្យម៉ូតូបើកលឿនបុកពេញទំហឹងបណ្តាលឱ្យបុរស២នាក់របួសធ្ងន់ស្រាល

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត Ford Ranger មួយគ្រឿងបើកបត់ឆ្លងផ្លូវត្រឡប់ក្រោយមិនប្រយ័ត្ន ត្រូវបានម៉ូតូធុនធំមួយគ្រឿងជិះដោយបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតក្នុងល្បឿនលឿនបុកពីចំហៀងខាងមុខពេញទំហឹងបណ្ដាលឱ្យរបួសធ្ងន់ម្នាក់និងស្រាលម្នាក់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចមុខការាសសាំង L-H-R តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តFord Ranger មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BO-5975ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃត្រឡប់ក្រោយវិញ ខណៈនោះក៏មានបុរស២នាក់ជិះម៉ូតូធុនធំមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1IB-3540ធ្វើដំណើរបញ្ច្រាសគ្នាពីជើងទៅត្បូង ចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុកពីចំហៀងរថយន្តផ្នែកខាងមុខខាងស្តាំពេញទំហឹងបណ្តាលឱ្យដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់ម្នាក់ត្រូវរថយន្តសង្គ្រោះបន្ទាន់បញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ចំណែកបុរសម្នាក់ទៀតរងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាបន្តទៀត៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖