ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តកាមរីហាយប្រ៊ីដក្នុងល្បឿនយ៉ាងលឿនហេីយជ្រុលទៅបុកខឿនស្ពានជ្រោយចង្វាបណ្ដាលឱ្យរថយន្តដាច់កង់ម្ខាងទៅមុខលែងរួច ប៉ុន្តែសំណាងល្អដែរដែលមិនប៉ះពាល់ដល់អ្នកបេីកបរនិងអ្នកធ្វើដំណេីរតាមដងផ្លូវ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅចំណុចរង្វង់មូលកួចកាណុងក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក កាមរីហាយប្រ៊ីដ ពណ៌ស ពាក់ស្លាកលេខ នគរបាល 2-5108 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតដោយប្រើល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុបានជ្រុលទៅបុកខឿនស្ពានជ្រោយចង្វាពេញទំហឹងបណ្ដាលឱ្យខូចខាតខឿនជាច្រេីនផងដែរ ចំណែករថយន្តបង្កបានដាច់កង់ម្ខាងទៅមុខលែងរួច តែសំណាងល្អមិនមានអ្នករងរបួស។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅផ្នែកជំនាញចរាចរណ៍ឱ្យមកធ្វេីការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ