ព័ត៌មានទាន់ហេតុការណ៍៖

លោកបៃឌិនបញ្ជាក់ថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាវិធីសាស្ត្រតែមួយគត់ជំនួសសង្គ្រាមលោកលើកទីបី

ចែករំលែក៖

ប្រធានាធិបតីអាមេរិក លោកបៃឌិន បានប្រកាសថា ការដាក់ទណ្ឌកម្មរុស្ស៊ីគឺជាវិធីសាស្ត្រតែមួយគត់ដើម្បីជំនួសសង្គ្រាមលោកលើកទីបី។ លោកបៃឌិនប្រកាសថា ការដាក់ទណ្ឌកម្មលើរុស្ស៊ីគឺពិតជាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។

ប្រធានាធិបតីបៃឌិន បានលើកឡើងថា លោកត្រូវប្រឈមនឹងជម្រើសពីរ ក្រោយរុស្ស៊ីវាយប្រហារអ៊ុយក្រែន នោះគឺត្រូវធ្វើសង្គ្រាមលោកលើកទីបី ឬក៏ទប់ទល់ជាមួយរុស្ស៊ី តាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ច។
លោកបៃឌិនបានប្រកាសថា «អ្នកមានជម្រើសពីរ ទីមួយគឺចាប់ផ្តើមធ្វើសង្គ្រាមលោកលើកទីបីជាមួយរុស្ស៊ី និងទីពីរគឺទណ្ឌកម្ម។ ខ្ញុំដឹងថាទណ្ឌកម្មនោះគឺជាទណ្ឌកម្មទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រ ទាំងទណ្ឌកម្មសេដ្ឋកិច្ច និងនយោបាយ»។
សារព័ត៌មានរ៉យទ័រនៅថ្ងៃទី ២៧ខែកុម្ភៈបានផ្សាយថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនបានសម្រេចចិត្តបណ្ដេញធនាគាររុស្ស៊ីមួយចំនួនចេញពីប្រព័ន្ធហិរញ្ញវត្ថុសកល (SWIFT) ជាផ្នែកមួយនៃការបង្កើនការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី ដែលនៅតែបន្តបើកការវាយប្រហារលើអ៊ុយក្រែន។
តាមរយៈការសម្រេចចិត្តខាងលើ, ទណ្ឌកម្មក៏មានរួមបញ្ចូលផងដែរការរឹតត្បិតលើទ្រព្យសម្បត្តិបម្រុងរបស់ធនាគារកណ្ដាលរុស្ស៊ី ហើយដែល នឹងត្រូវបានអនុវត្តក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។ នៅក្នុងសេចក្ដីថ្លែងការណ៍រួមចេញផ្សាយនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ មេដឹកនាំមកពី គណៈកម្មការអឺរ៉ុប, បារាំង, អាល្លឺម៉ង់, អ៉ីតាលី, ចក្រភពអង់គ្លេស, កាណាដា និងសហរដ្ឋអាមេរិកបានបញ្ជាក់ដូច្នេះថា «យើងនឹងឱ្យរុស្ស៊ីទទួល ខុសត្រូវ ហើយធានាថាសង្រ្គាមនេះគឺជាយុទ្ធសាស្ត្របរាជ័យរបស់លោក ពូទីន»។
ការបណ្ដេញធនាគាររុស្ស៊ីមួយចំនួនចេញពីប្រព័ន្ធហិរញ្ញវត្ថុសកល SWIFT ត្រូវបានគេរំពឹងថានឹងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចរុស្ស៊ី ជាពិសេសការនាំចេញ-នាំចូល និងការផ្លាស់ប្ដូរហិរញ្ញវត្ថុ។
ចំពោះរុស្ស៊ី មុនពេលវាយប្រហារទៅលើប្រទេសអ៊ុយក្រែន គឺបានដឹងយ៉ាងច្បាស់ពីលទ្ធផល បើមិនប្រឈមនឹងសង្គ្រាមទ្រង់ទ្រាយធំ ក៏ប្រឈមនឹងបញ្ហាសេដ្ឋកិច្ចនោះដែរ។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា រុស្ស៊ីក្រោមការដឹកនាំរបស់លោកពូទីននាពេលនេះ មិនដូចជាពេលមុនឡើយ ដែលអាចឱ្យលោកខាងលិចគំរាមកំហែងនឹងសង្គ្រាមស៊ីវិល បណ្តាលឱ្យសហភាពសូវៀតដួលរលំបាក់បែកអស់។ តែនៅពេលនេះរុស្ស៊ីមិនឱ្យបរាជ័យចំពោះលោកខាងលិចទៀតឡើយ គឺត្រូវតែឈ្នះក្នុងសង្គ្រាមនេះ បើទោះបីផ្ទុះសង្គ្រាមលោកលើកទីបីក្តី។
ប្រសិនបើរុស្ស៊ីមិនអាចយកឈ្នះ គ្រប់គ្រងអ៊ុយក្រែនទាំងស្រុងនោះទេ រុស្ស៊ីនឹងងើបលែងរួចហើយ ហើយនឹងត្រូវលោកខាងលិចជិះជាន់ជារៀងរហូត៕ ដោយ៖ធីរីណា

រូបថត៖Reuters 


ចែករំលែក៖