ក្នុងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ស្ត្រីនិងកុមារ ជាច្រើនបានរត់ភៀសខ្លួនទៅកាន់ប្រទេសជិតខាង ហើយនៅមានស្ត្រីនិងកុមារជាច្រើនទៀតកំពុងលាក់ខ្លួននៅ បន្ទប់ក្រោមដី គេចពីគ្រាប់រំសេវ។
ពលរដ្ឋអ៊ុយក្រែនរាប់សិបពាន់នាក់បាននាំគ្នា ភៀសខ្លួនទៅកាន់ប្រទេសជិតខាង នៅភាគខាងលិច ក្នុងពេលទាហានរុស្ស៊ីវាយប្រហារនៅរដ្ឋធានី Kyiv និងទីក្រុងផ្សេងទៀត ។ អ្នកដែលភៀសខ្លួនភាគច្រើនគឺជាស្ត្រី កុមារ និងមនុស្សចាស់ ចំណែកយុវជន មនុស្សដែលមានអាយុចាប់ពី១៨ឆ្នាំដល់៦០ឆ្នាំ គឺត្រូវតែកាន់កាំភ្លើងការពារទឹកដី។ ក្រោយការវាយប្រហារពីរុស្ស៊ីប្រធានាធិបតី Volodymyr Zelenskyy បានចេញបញ្ជាមិនឲ្យបុរសៗ ចាកចេញពីប្រទេសនោះឡើយ។
ស្ត្រីអ៊ុយក្រែនប្រឈមនិងផលលំបាកយ៉ាងខ្លាំង ក្នុងពេលភៀសខ្លួនមិនមាន ស្វាមី ទៅជាមួយខណៈមានកូនតូចនៅក្នុងដៃ ។ ទិដ្ឋភាពនៃការភៀសខ្លួនពិតជាគួរឲ្យសង្វែកខ្លាំងណាស់ ។ទាំងនោះគឺជាលទ្ធផលនៃសង្គ្រាម ធ្វើឲ្យកុមារមិនដឹងអីក្លាយទៅជាជនរងគ្រោះក្នុងជម្លោះនយោបាយរបស់មនុស្សធំ។
មិនត្រឹមតែបុរសប៉ុណ្ណោះដែលកាន់កាំភ្លើងចេញការពារទឹកដី សូម្បីតែស្ត្រីអ៊ុយក្រែន ក្រុមអ្នកសិល្បៈ ក៏បាននាំគ្នាចេញសមរភូមិផងដែរ ។ ប្រទេសអ៊ុយក្រែនគឺជាប្រទេសមួយដែលជាប់ចំណាត់ថ្នាក់ខាងស្ត្រីមានសម្រស់ស្រស់ស្អាត តែពេលនេះស្ត្រីជាច្រើនបានស្ម័គ្រចិត្តបូជាសាច់ស្រស់ឈាមស្រស់កាន់អាវុធប្រឆាំងរុស្ស៊ី ដោយមិនខ្វល់ពីសម្រស់ស្រស់ស្អាតរបស់ពួកនាង នេះគឺជាវីរភាពគួរឲ្យស្ញើចសរសើរបំផុត។ តួកុនខ្លះ បោះបង់ការថតភាពយន្ត មកកាន់អាវុធបម្រើកងទ័ពវិញម្តង ៕ដោយ៖ធីរីណា
ប្រភពរូបថត៖phunuvietnam.vn