ខេត្តប៉ៃលិន ៖ យោងតាមរបាយការណ៍របស់មន្ត្រីចរាចរណ៍នៃស្នងការខេត្តបានឲ្យដឹងថា÷នៅវេលាម៉ោង ១៤នឹង ០០នាទីរសៀល ថ្ងៃអាទិត្យ ១១រោចខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២២មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយម៉ូតូ១គ្រឿងបើកបរលើផ្លូវជាតិលេខ៥៧ក្នុងទិសដៅពីលិចទៅកើត ហើយបានវ៉ាម៉ូតូនៅពីមុខមួយគ្រឿង ក៏រេចង្កូតទៅបុករថយន្ដដឹកដីនៅខាងស្ដាំកំពុងបើកបរពីកើតទៅលិច បណ្ដាលឲ្យអ្នកបើកបរម៉ូតូ(ស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង)។ ស្ថិតនៅចំណុចសាខាកាកបាទក្រហម ស្រុកសាលាក្រៅ ស្ថិតនៅក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
មន្ត្រីនគរបាលចរាចរណ៍ជំនាញនៃស្នងការខេត្តបានបន្តថា÷ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ម្នាក់ និងខូចខាតម៉ូតូចំនួន០១ គ្រឿង កម្រិតធ្ងន់និងរថយន្ដរងខូចខាតកម្រិតស្រាល។
មន្ត្រីនគរបាលចរាចរណ៍ជំនាញខេត្តបានបន្តថា÷អ្នកបើកបរម៉ូតូមានឈ្មោះ ហៀត ហាន ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរ ទាហាន មានទីលំនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បេីកបរម៉ូតូម៉ាកហុងដាសេ១២៥ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខបាត់ដំបង 1AN-2551 (ស្លាប់ )។
អ្នកបើកបររថយន្ដមានឈ្មោះ ឡង ចាន់ថេត ភេទប្រុស អាយុ ២៥ឆ្នាំមានមុខរបរជាអ្នកបើកឡានដឹកដី បេីកបររថយន្តម៉ាកហីយ៉ាន់ដាយពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-7032(ឃាត់ខ្លួនបាន) ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលមកពីម៉ូតូមិនគោរពច្បាប់ចរាចរណ៍បើកបរម៉ូតូចូលផ្លូវអទិភាពបណ្ដាលឲ្យទៅបុក រថយន្តកំពុងបើកបរ។
មន្ត្រីនគរបាលចរាចរណ៍ខេត្តបានបន្តទៀតថា÷បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចជំនាញនៃស្នងការបានប្រគល់ទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ , ចំណែករថយន្តនិងអ្នកបើកបរនិងម៉ូតូត្រូវបានកម្លាំងនគរបាលចរាចរណ៍ខេត្តយកទៅរក្សាទុក ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។
ដោយ៖ស សារ៉េត