ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ្វដពាក់ស្លាកលេខរដ្ឋបើកបុករះតាំងពីខណ្ឌដូនពេញរហូតដល់ខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តម៉ាកហ្វដមួយគ្រឿងបើកបុករថយន្តនិងម៉ូតូជាច្រើនគ្រឿងតាំងពីខណ្ឌដូនពេញរហូតដល់ខណ្ឌសែនសុខដែលគេសង្ស័យថាអ្នកបើកបរស្រវឹងស្រា។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៥និង៣០នាទីល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ តាំងពីចំណុចបឹងកក់សង្កាត់ស្រះចក ខណ្ឌដូនពេញរហូតមកដល់ផ្លូវលេខ១០១១កែងនឹងផ្លូវលេខ១៩៧៨ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

   ប្រភពពីនគរបាលផ្នែកចរាចរណ៍ខណ្ឌសែនសុខបានឱ្យដឹងថា នៅមុនពេលកើតហេតុរថយន្តម៉ាកហ្វដ ពណ៌ស ពាក់ស្លាកលេខរដ្ឋ2 -5776 បើកបរដោយបុរសម្នាក់សង្ស័យឋិតក្នុងស្ថានភាពស្រវឹងស្រា បានបើកបុករថយន្តមួយគ្រឿងម៉ាកឡិចស៊ីសRX330 ពណ៌សពាក់ស្លាកលេខភ្នំពេញ2AR-7985 នៅម្តុំបឹងកក់ សង្កាត់ស្រះចកខណ្ឌដូនពេញ ប៉ុន្តែអ្នកបើកបររថយន្តហ្វដនោះមិនព្រមឈប់ទេ គឺព្យាយាមបើករត់រហូតមកដល់ផ្លូវលេខ១០១១កែងនឹងផ្លូវលេខ១៩៧៨ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក៏បន្តបុករុឺម៉កម៉ូតូមួយគ្រឿងទៀតនៅចំណុចម្តុំផ្សារក្រមួន ហើយរថយន្តបានបន្តទៅបុកម៉ូតូស្គូពីពណ៌ស ពាក់ស្លាកលេខភ្នំពេញ1IU- 5493 ដែលឈប់នៅចំណុចកន្លែងលាងម៉ូតូ ទើបរថយន្តទៅមុខលែងរួច។ តាមប្រភពពីអ្នកបើកបររថយន្តឡិចស៊ិសRX330 បានឱ្យដឹងថា អ្នកបើកបររថយន្តហ្វដពាក់ស្លាកលេខរដ្ឋនោះបានបើកមកប៉ះរថយន្តរបស់គាត់តាំងពីនៅម្តុំបឹងកក់ ប៉ុន្តែអ្នកបើកបរស្រវឹងស្រាហើយមិនព្រមឈប់ចរចាគ្នាទេ គឺព្យាយាមបើករត់ទើបគាត់បានបើកដេញតាមរហូតដល់ចំណុចខាងលើទើបឈប់និងបង្កការភ្ញាក់ផ្អើលឡើងតែម្តង។

តាមការឱ្យដឹងពីនគរបាលចរាចរណ៍ខណ្ឌសែនសុខដែលចុះដល់កន្លែងកើតហេតុបានឱ្យដឹងថា៖ ក្រោយកើតហេតុភាគីខាងម្ចាស់រថយន្តហ្វដព្រមចេញថ្លៃខូចខាតឱ្យទៅម្ចាស់រថយន្តឡិចស៊ិស ម្ចាស់ម៉ូតូស្គូពី និងម្ចាស់ម៉ូតូរុឺម៉កដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖