ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ដាក់ចេញការងារអាទិភាព ៤ចំណុច ដើម្បីឆ្លើយតបនឹងប្រធានបទនៃទិវាជាតិទីក្រុងស្អាតឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានដាក់ចេញនូវការងារអាទិភាព ៤ចំណុច ដល់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឆ្លើយតបនឹងប្រធានបទនៃទិវាជាតិទីក្រុងស្អាត ឆ្នាំ២០២២។ នេះបើយោងតាមផេក (Cambodia 2023) CAMSOC ,ជាមួយពាក្យស្លោក #យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣ 🇰🇭

#កីឡារស់ក្នុងសន្ដិភាព SPORTS: LIVE IN PEACE នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

ការងារអាទិភាព ៤ចំណុច ត្រូវបានដាក់ចេញ តាមរយៈសារលិខិតរបស់សម្តេចតេជោ ដើម្បីអបអរសាទរទិវាជាតិទីក្រុងស្អាត ឆ្នាំ២០២២ ដែលធ្វើឡើងក្រោមប្រធានបទ «ទីក្រុងស្អាត៖ គាំទ្រការបើកទេសចរណ៍កម្ពុជា» អមជាមួយការប្រកាសយុទ្ធនាការ «កម្ពុជាស្អាត» ឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (SEA Games 2023)។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ ដើម្បីឆ្លើយតបនឹងប្រធានបទនៃទិវាជាតិទីក្រុងស្អាតឆ្នាំ២០២២នេះ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមដាក់ចេញនូវការងារអាទិភាពដូចខាងក្រោម ៖

ទី១៖ គ្រប់ស្ថាប័នពាក់ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែកឯកជនត្រូវបន្តចូលរួមអនុវត្តប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់លើវិធាន ឬបទដ្ឋានគតិយុត្ត ដែលបានដាក់ចេញរួមមាន៖ «វិធានសុវត្ថិភាពទេសចរណ៍» «នីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) សម្រាប់សេវាកម្មទេសចរណ៍» ស្របតាមគន្លង ប្រក្រតីភាពថ្មី និងវិធានការនានារបស់រាជរដ្ឋាភិបាល ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងស្តារនូវទំនុកចិត្ត និងភាពជឿជាក់លើគ្រប់ខ្សែច្រវាក់ផលិតកម្មក្នុងវិស័យទេសចរណ៍ ដើម្បីត្រៀមខ្លួនទទួលស្វាគមន៍ភ្ញៀវទេសចរ និងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ដូច្នេះ ត្រូវរៀបចំយុទ្ធនាការប្រឡងប្រណាំងរាជធានី-ខេត្ត ដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍។

ទី២៖ គ្រប់ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែកឯកជន ត្រូវយកចិត្តទុកដាក់បន្តចូលរួមជំរុញ និងស្តារវិស័យទេសចរណ៍ឡើងវិញ តាមរយៈការជំរុញការអនុវត្តនូវផែនការយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ សំដៅប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាព ដែលនឹងផ្ដល់ផ្លែផ្កាចូលរួមទ្រទ្រង់ដល់ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ច ពីវិបត្តិជំងឺកូវីដ-១៩ រួមមាន៖ ផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ «វិធានការ គោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣» និង«ផែនការយុទ្ធសាស្ត្រស្តីពី ការបើកទទួលទេសចរណ៍វ៉ាក់សាំង»។

ទី៣៖ គ្រប់ស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ សហភាពសហព័ន្ធយុវជនកម្ពុជា និងផ្នែកឯកជន ត្រូវរួមគ្នាលើកកម្ពស់កិត្តិយស និងមុខមាត់កម្ពុជា តាមរយៈឥទ្ធិពលព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្នុងការដាក់ចេញយុទ្ធនាការ អប់រំសង្គម និងផ្សព្វផ្សាយយុទ្ធនាការ «កម្ពុជាស្អាត» ឱ្យបានកាន់តែសកម្មនិងផុសផុល សំដៅសម្រេចបានការអភិវឌ្ឍប្រកបដោយភាពស្អាត និងបៃតង នៅក្នុងទីក្រុងនិងកម្ពុជាទាំងមូល ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរក្នុងព្រឹត្តិការណ៍នេះ។

ទី៤៖ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរគ្រប់រូប ត្រូវប្រកាន់ខ្ជាប់នូវការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ពិសេស ទម្លាប់នៃការរស់នៅជាមួយភាពស្អាត និងអនាម័យ រួមជាមួយការអនុវត្តតាមវិធានសុខាភិបាល និងវិធាននានារបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩៕


ដោយ ៖ សិលា


ចែករំលែក៖