ភ្នំពេញ៖ ជនសង្ស័យ២នាក់មានជំនាញខាងដើរលួច(បង្គន់សាធារណៈ)ត្រូវកម្លាំងនគរបាលខណ្ឌប្ញស្សីកែវឃាត់ខ្លួននៅថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២២ វេលាម៉ោង១៥និង៣០នាទីរសៀលនៅចំណុចដីឡូត៍គ្មានលេខ ផ្លូវលេខ១៨០០ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះស៊ូ សាវ៉ន ភេទប្រុសអាយុ៣៩ឆ្នាំ មុខរបរប្រធានការិយាល័យគ្រប់គ្រងសួនសាលារាជធានី ស្នាក់នៅផ្ទះលេខ៦E0 ផ្លូវលេខ១៣៩ ភូមិ/សង្កាត់មិត្តភាព ខណ្ឌ៧មករា។
ចំណែកជនសង្ស័យទី១-ឈ្មោះសុខ ដារ៉ូភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មានស្នាក់នៅមិនពិតប្រាកដ(គ្មានសារធាតុញៀន) អវិជ្ជមានកូវីដ ជាអ្នកធ្វើសកម្មភាពលួច។ ទី២-ឈ្មោះស៊ន ថាភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជាអ្នកទិញអេតចាយ ស្នាក់នៅដីឡូត៍គ្មានលេខ ផ្លូវបេតុង ក្រុម១៤ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ(គ្មានសារធាតុញៀន)អវិជ្ជមានកូវិដ ជាអ្នកទិញបង្គន់។
សម្ភារដកហូតរួមមាន៖
១-រុឺម៉កម៉ូតូ១គ្រឿងម៉ូតូម៉ាករ៉េវ៉ូ១ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1J-3378
២-បង្គន់៣គ្រឿងដោះចេញជាបំណែកៗ ក្នុងនោះមានជញ្ជាំងបង្គន់៩ផ្ទាំង, ទ្វារបង្គន់៣, ដំបូលបង្គន់២, បាតបង្គន់៣, ឡាបូបង្គន់១។
សម្ភារបង្គន់ទាំងអស់ត្រូវប្រគល់ឱ្យជនរងគ្រោះវិញ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវ បានឱ្យដឹងថា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ជនរងគ្រោះបានដឹកបង្គន់សាធារណៈចំនួន៤គ្រឿងមកដាក់ដើម្បីរៀបចំកម្មវិធីបុណ្យនៅកន្លែងកើតហេតុខាងលើ។ ក្រោយមកក៏មានជនសង្ស័យបានធ្វើសកម្មភាពលួចយកបង្គន់៣គ្រឿងដោយដោះជាបំណែកៗ។ លុះព្រឹកឡើងថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២២ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល។បន្ទាប់ពីបានទទួលបណ្តឹងហើយ កម្លាំងជំនាញខណ្ឌ+ប៉ុស្តិ៍បានធ្វើការស្រាវជ្រាវឈានទៅឃាត់ជនសង្ស័យ២នាក់ខាងលើនៅចំណុចដីឡូត៍គ្នានមានលេខ ផ្លូវបេតុង ក្រុម១៤ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ រួមទាំងសម្ភារវុត្ថុតាងបង្គន់របស់ជនរងគ្រោះមកវិញដោយជនសង្ស័យដោះជាបំណែកៗ។
នៅចំពោះមុខ សមត្ថកិច្ចជំនាញនៃអធិការដ្ឋានបានកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីច្បាប់៕
ដោយ ៖ ជីណា