ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានរាយការណ៍ទៅកាន់ប្រធានាធិបតីពូទីនថា កម្លាំងបរមាណូបានត្រៀមរួចរាល់ហើយ

ចែករំលែក៖

ក្រោយទទួលបានបទបញ្ជាពីប្រធានាធិបតីពូទីន ក្នុងការបញ្ចេញកម្លាំងបរមាណូយុទ្ធសាស្ត្រត្រៀមប្រយុទ្ធមក ពេលនេះរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergei Shoigu បានរាយការណ៍ទៅកាន់ប្រធានាធិបតីពូទីនថា កម្លាំងបរមាណូនៅលើអាកាស នៅដីគោក និងនៅក្នុងនាវាមុជទឹកនៅដែនសមុទ្របានស្ថិតនៅក្នុងការត្រៀមលក្ខណៈរួចរាល់ រង់ចាំតែការសម្រេចពីប្រធានាធិបតីប៉ុណ្ណោះ។
សារព័ត៌មាន Interfax បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីដែលបានបញ្ជាក់នៅថ្ងៃទី២៨ខែកុម្ភៈថា «តាមបទបញ្ជារបស់អគ្គមេបញ្ជាការជាន់ខ្ពស់នៃកម្លាំងទាហានរុស្ស៊ី លោក វ្ល៉ាឌឺមៀរ ពូទីន ទីបញ្ជាការកាំជ្រួចមីស៊ីលបរមាណូយុទ្ធសាស្ត្រ កងពលប្រចាំនៅភាគខាងជើង និងប៉ាស៊ីហ្វិក ទីបញ្ជាការកម្លាំងទាហានអាកាស យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្របានត្រៀមលក្ខណៈរួចរាល់ហើយ»។
កម្លាំងបរមាណូរបស់រុស្ស៊ីបានស្ថិតនៅក្នុងការត្រៀមលក្ខណៈរួចរាល់ ក្នុងពេលដែលគណៈប្រតិភូប្រទេសទាំងពីរបានចាប់ផ្តើមជួបពិភាក្សាដើម្បីស្វែងរកដំណោះស្រាយបញ្ចប់វិបត្តិ៕

ដោយ៖ ធីរីណា(រូបថត៖ Reuters)


ចែករំលែក៖