ខេត្តប៉ៃលិន ៖ ពីរនាក់ប្ដីប្រពន្ធបានដាច់ចិត្ត បបួលគ្នាផឹកទឹកថ្នាំទឹកខៀវនោះរហូតមកដល់វេលាម៉ោង០៨ និង១០នាទី ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរតាវ៉ៅបានទទួលព័ត៌មានថា÷មានជនរងគ្រោះពីរនាក់ប្តី-ប្រពន្ធ បានបបួលគ្នាផឹកថ្នាំពុលបាញ់ស្មៅប្រភេទទឹកខៀវ នៅចំណុចចម្ការរបស់ឈ្មោះស្រី ម៉ន ស្ថិតនៅក្នុងភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហើយត្រូវបានសាច់ញាតិបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។
ក្រោយទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍រដ្ឋបាលអូរតាវ៉ៅបានចុះទៅដល់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនឃើញថា÷ពិតជាមានករណីផឹកថ្នាំទឹកខៀវពិតមែន ។
ប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថា ÷ជនរងគ្រោះទី១-ឈ្មោះ ប៉ន់ ពឿន ភេទប្រុស អាយុ២៧ឆ្នាំ ជាកសិករ ទី២-ឈ្មោះ មាស នី ភេទស្រី អាយុ៣៩ឆ្នាំ ជាកសិករ ទាំងពីរនាក់ប្តីប្រពន្ធស្នាក់នៅក្នុងចម្ការកៅស៊ូ នៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ,ជាអ្នកចំណាកស្រុកមករស់នៅក្នុងខេត្តប៉ៃលិន អស់រយ:ពេល១០ឆ្នាំ ទើបមានកូនតូចម្នាក់ ភេទប្រុស អាយុជាង២ខែ។
ប្រភពបន្តទៀតថា÷ក្រោយធ្វើការសាកសួរបុរសស្រ្តីពីរនាក់ប្តី-ប្រពន្ធខាងលើ មុនដំបូងបុរសជាប្តីបានផឹកស្រាស្រវឹង ស្របពេលដែលឪពុកម្តាយខាងប្រពន្ធនៅខេត្តស្វាយរៀង បានទូរស័ព្ទមកប្រាប់ឱ្យនាងប្រញាប់ទៅព្យាបាលជំងឺនៅឯស្រុកកំណើត ព្រោះរាល់ថ្ងៃនាងមានសុខភាពមិនល្អឧស្សាហ៍ឈឺ លុះប្តីស្មានថា គ្រួសារខាងប្រពន្ធបំបែកបំបាក់ទើបបបួលគ្នាផឹកថ្នាំទឹកខៀវតែម្តង ហើយសង្ឃឹមតិចណាស់ អ្នកដែលផឹកថ្នាំទឹកខៀវបាញ់ស្មៅនេះ ៕
ដោយ៖ស សារ៉េត