ភ្នំពេញ៖ លោក ឃួង ស្រេង មានប្រសាសន៏ថា៖ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញជូនប្រជាពលរដ្ឋ ដូចជាកម្មករកម្មការិនីនៅតាមបណ្តារោងចក្រនានានៅក្នុងរាជធានីភ្នំពេញគឺជាជម្រើសដ៏ល្អបំផុត ក្នុងការការពារជំងឺរាតត្បាតឆ្លងជំងឺ covid-19 ពិសេស ជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី អូមីក្រុង។
ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ត្រូវជំរុញអោយប្រជាពលរដ្ឋ កម្មកររោងចក្រទាំងអស់ទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញនេះឲ្យបានគ្រប់គ្នា។
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសំឡេង ( Video Conference ) ស្ដីពីការជំរុញការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី ០១ខែមីនាឆ្នាំ២០២២នេះ ជាមួយនឹងអាជ្ញាធរខណ្ឌ១៤និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។
លោក ឃួង ស្រេង បានមានប្រសាសន៍ លើកឡើងថា៖ ការចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋក៏ដូចជាកម្មករកម្មការិនីរោងចក្រ គឺជាជម្រើសដ៏ល្អបំផុតក្នុងការការពារជំងឺកូវីដ-១៩ ពិសេសប្រភេទអូមីក្រុង។ករណីនេះ លោក ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ពិសេសអាជ្ញាធរខណ្ឌដែលមានរោងចក្រនៅក្នុងភូមិសាស្ត្ររបស់ខ្លួនត្រូវបង្កើតក្រុមការងារមួយ ដើម្បីចាក់វ៉ាក់សាំងជូនកម្មករកម្មការិនីនៅតាមរោងចក្រ ។ ក្រុមការងារ ត្រូវធ្វើទំនាក់ទំនងជាមួយម្ចាស់រោងចក្រសហគ្រាសនានាដើម្បីទទួលនូវព័ត៌មានថា កម្មករប៉ុន្មាននាក់ដែលមិនទាន់បានទទួលនូវការចាក់វ៉ាក់សាំងដូសជម្រុញនេះ គឺយើងទៅចាក់វ៉ាក់សាំងដូសជម្រុញនេះដល់រោចក្រតែម្តង។
លោកឃួង ស្រេង ក៏បានធ្វើការណែនាំដល់អាជ្ញាធរខណ្ឌសង្កាត់ភូមិធ្វើយ៉ាងណាជំរុញប្រជាពលរដ្ឋអោយទៅចាក់វ៉ាក់សាំងដូសជំរុញនេះឱ្យបានគ្រប់គ្នាផងដែរ ដោយត្រូវធ្វើស្ថិតិឲ្យបានច្បាស់លាស់ ពីប្រជាពលរដ្ឋណាដែលមិនទាន់បានចាក់ ហើយយើងត្រូវធ្វើលិខិតអញ្ជើញឲ្យពួកគាត់ទៅទទួលការចាក់វ៉ាក់សាំងនៅតាមមណ្ឌល សុខភាពដែលនៅជិតលំនៅដ្ឋានរបស់ពួកគាត់តែម្តង។
លោកបន្តថា អាជ្ញាធរខណ្ឌ សង្កាត់ ភូមិ ត្រូវជំរុញអាណាព្យាបាលកុមារ អាយុ៣ឆ្នាំ ទៅ៥ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំង ដូសមូលដ្ឋានអោយបានគ្រប់គ្នាដោយលោកបញ្ជាក់ថា ចាប់ពីថ្ងៃទី២៣ កុម្ភៈ រហូតមកដល់ថ្ងៃទី ថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២២កុមារអាយុ៣ឆ្នាំទៅ៥ឆ្នាំ ទទួលបានការចាក់វ៉ាក់សាំងប្រមាណជាង ២ម៉ឺននាក់ហើយ តែយើងត្រូវជម្រុញអោយអាណាព្យាបាលនាំ កុមារអាយុ៣ឆ្នាំទៅ ៥ឆ្នាំនេះ ទៅទទួលការចាក់វ៉ាក់សាំងជូនកុមារឲ្យបានគ្រប់គ្នា។
បន្ថែមពីលើនេះលោក អភិបាលរាជធានីភ្នំពេញក៏បានជំរុញនិងណែនាំឲ្យអាជ្ញាធរខណ្ឌទាំងអស់ធ្វើការផ្សព្វផ្សាយពីវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមភោជនីយដ្ឋាននានា ដើម្បីឲ្យពួកគាត់ចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩នេះឲ្យបានហ្មត់ចត់។
ក្រៅពីវិធានការដូចជាបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងរាជធានីភ្នំពេញ លោកឃួង ស្រេងក៏បានការណែនាំឲ្យអាជ្ញាធរខណ្ឌទាំងអស់ពង្រឹងឡើងវិញនូវកិច្ចការងាររៀបចំសណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរផងដែរ៕
ដោយ ៖ សំរិត