ភ្នំពេញ ៖ មិនអាចធានាសន្តិភាពផ្លូវចិត្តដល់មនុស្សមួយចំនួននោះទេ តែសម្តេចអាចធានាបានថានឹងមិនមានជម្លោះប្រដាប់អាវុធនៅលើដែនដីដ៏កំសត់ (កម្ពុជា) នេះទេ។ នេះជាប្រសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
តាមរយៈប្រសាសន៍នេះដែលយើងទាំងអស់គ្នាត្រូវចងចាំថា, យើងត្រូវទទួលស្គាល់ពីតម្លៃដែលមិនអាចកាត់ថ្លៃបាននោះគឺ
– អរគុណសន្តិភាព
– អរគុណនយោបាយ ឈ្នះ ឈ្នះ
– គោរពដឹងគុណស្ថាបនិកមគ្គទេសក៍ឯកនិងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវ សុខសន្តិភាព អភិវឌ្ឍន៍ និងឯកភាពជាតិពេញលេញ ទាំងនេះហើយដែលធ្វើឲ្យប្រជាជនយើងមានស្នាមញញឹម មានការជួបជុំសប្បាយរីករាយក្នុងក្រុមគ្រួសារប្រកបមុខរបរចិញ្ចឹមជីវិតរៀងៗខ្លួនទៅតាមលទ្ធភាព។
សូមបញ្ជាក់ថា, សម្តេចបានថ្លែងបែបនេះ ដូចខាងលើនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត ប្រវែងជាង ១៣៤គីឡូម៉ែត្រ នាថ្ងៃពុធ ទី០២ ខែមីនា ឆ្នាំ២០២២
សម្តេចបានបន្តថា បច្ចុប្បន្នកម្ពុជាបានក្លាយជាប្រទេសតែមួយមានបាវចនា មានព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ និងកម្លាំងប្រដាប់អាវុធតែមួយ ដែលបានប្រែក្លាយខ្លួនជាប្រទេសមានសន្ដិភាព ស្ថិរភាព មកដល់បច្ចុប្បន្នហើយសម្ដេចធានាសន្ដិភាពដែលទទួលបាននេះនឹងត្រូវតែបន្តជារៀងរហូតផងដែរ ។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រធានអាស៊ានឆ្នាំ២០២២ មិនមែនជារឿងសាមញ្ញនោះឡើយ។ ពេលនេះ បញ្ហាបានកើតឡើងជាបន្តបន្ទាប់ ក្រៅពីបញ្ហាសមុទ្រចិនខាងត្បូង, បញ្ហានៅមីយ៉ាន់ម៉ា, នៅពេលនេះមានបញ្ហាសង្គ្រាម រុស្ស៉ី-អ៊ុយក្រែន បន្ថែមទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចមិនគាំទ្រដល់ការធ្វើសកម្មភាពបំបែករដ្ឋ ហើយក៏មិនគាំទ្រការយកសង្គ្រាម ដើម្បីបញ្ចប់សង្គ្រាមនោះទេ។ សម្តេចតេជោ បានមានប្រសាសន៍ថា សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន នៅពេលនេះ បានក្លាយជាសង្គ្រាមរវាងរុស្ស៉ី និងអឺរ៉ុបហើយ។ សម្តេចតេជោនៅតែជឿថា រុស្ស៉ី និងអ៊ុយក្រែន មិនទាន់អស់ឱកាសក្នុងការចរចាគ្នានោះឡើយ ហើយសម្តេចលើកទឹកចិត្តឱ្យមានការចរចាគ្នា។ សម្តេចតេជោបានបញ្ជាក់ថា អ្វីដែលសម្តេចថ្លែងពាក់ព័ន្ធសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន គឺក្នុងនាមទស្សនៈផ្ទាល់ខ្លួនរបស់សម្តេច មិនមែនក្នុងនាមអាស៊ានឡើយ។ សម្តេចតេជោបានបន្តថា សេដ្ឋកិច្ចកម្ពុជាកំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ហើយពេលនេះក៏អាចប៉ះពាល់បន្ថែមទៀត ដោយសារសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ផងដែរ៕
ដោយ ៖ សុខ ខេមរា