ព័ត៌មានទាន់ហេតុការណ៍៖

ដេប៉ូប្រេងឥន្ធនៈចំនួន ១១ទីតាំងត្រូវបានរកឃើញថាមិនមានភាពអនុលោមក្នុងខេត្តចំនួន៥

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​០៣ ខែមីនា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា៖​ ​ដេប៉ូប្រេងឥន្ធនៈចំនួន ១១ទីតាំងត្រូវបានរកឃើញថាមិនមានភាពអនុលោមក្នុងខេត្តចំនួន៥​។ 

ជាក់ស្ដែង​មន្ត្រីក.ប.ប. បានចុះត្រួតពិនិត្យស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន ៣៤ទីតាំងស្ថិតក្នុងខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តកំពង់ធំ និងខេត្តកណ្ដាល នៅថ្ងៃទី១ និងទី២ ខែមីនា ឆ្នាំ២០២២នេះ។ ក្នុងចំណោម ៣៤ទីតាំងដែលបានត្រួតពិនិត្យខាងលើ មន្ត្រីជំនាញបានរកឃើញដេប៉ូចំនួន ១១ទីតាំងមិនមានភាពអនុលោម។ 

ក្រោយពីបានរកឃើញដូចនេះ មន្ត្រីក.ប.ប. បានធ្វើការពិន័យអន្តរការណ៍ និងណែនាំឱ្យម្ចាស់ដេប៉ូធ្វើការកែតម្រូវ និងឈប់ប្រព្រឹត្តល្មើសនឹងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។ 

គួរជម្រាបថា​ ក្នុងប្រតិបត្តិការនោះ​ដែរ​ គោលបំណងនោះគឺដើម្បីការពារនូវផលប្រយោជន៍ជូនអ្នកប្រើប្រាស់ និងស្វែងរកភាពមិនអនុលោមក្នុងវិស័យប្រេងឥន្ធនៈដែលកើតចេញពីម្ចាស់ស្ថានីយ​ និងដេប៉ូប្រកបរបរមិនសុចរិតក្នុងវិស័យមួយនេះផងដែរ៕

ដោយ​៖ស​ តារា​


ចែករំលែក៖