ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការបរទេសអាស៊ាន មានការព្រួយបារម្ភ យ៉ាងខ្លាំងចំពោះស្ថានការណ៍ដែលកាន់តែធ្ងន់ធ្ងរ និងស្ថានភាព មនុស្សធម៌ដែលធ្លាក់ចុះ កាន់តែដុនដាបនៅក្នុងប្រទេសអ៊ុយក្រែន

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋមន្ត្រីការបរទេសអាស៊ាន មានការព្រួយបារម្ភ យ៉ាងខ្លាំងចំពោះស្ថានការណ៍ដែលកាន់តែធ្ងន់ធ្ងរ និងស្ថានភាព មនុស្សធម៌ដែលធ្លាក់ចុះ កាន់តែដុនដាប ដែលបណ្តាលមកពី អរិភាពយោធាដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ការអំពាវនាវឱ្យមានបទឈប់បាញ់នៅអ៊ុយក្រែន ០៣ ខែមីនា ឆ្នាំ២០២២។

១. រដ្ឋមន្ត្រីការបរទេសអាស៊ាន មានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះស្ថានការណ៍ដែលកាន់តែ ធ្ងន់ធ្ងរ និងស្ថានភាពមនុស្សធម៌ដែលធ្លាក់ចុះកាន់តែដុនដាប ដែលបណ្តាលមកពីអរិភាពយោធា ដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន។ ដូច្នេះហើយ យើងសូមអំពាវនាវឱ្យមានបទឈប់បាញ់ ជាបន្ទាន់ ឬកិច្ចព្រមព្រៀងឈប់បាញ់ និងការបន្តការសន្ទនានយោបាយដែលនឹងនាំទៅរកសន្តិភាព ប្រកបដោយចីរភាពនៅអ៊ុយក្រែន។ យើងគូសបញ្ជាក់ពីសារៈសំខាន់នៃបទឈប់បាញ់ដើម្បី បង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចាដើម្បីដោះស្រាយវិបត្តិបច្ចុប្បន្ន និងជៀសវាង ការឈឺចាប់របស់ប្រជាជនស្លូតត្រង់ ដែលកាន់តែកើនឡើង។

២. ដោយរំលឹកឡើងវិញនូវសេចក្ដីថ្លែងការណ៍ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ យើងសូមបញ្ជាក់នូវការ ជឿជាក់របស់យើងថា នៅតែមានឱកាសនៃការសន្ទនាដោយសន្តិវិធី ដើម្បីគ្រប់គ្រងបាននូវស្ថាន ការណ៍ និងបញ្ឈប់ការកើនឡើងនៃការបាត់បង់ជីវិត និងរបួសជនស៊ីវិល និងយោធា ព្រមទាំង ផលប៉ះពាល់អវិជ្ជមានដែលកើតមាននៅទូទាំងពិភពលោក។ ក្នុងន័យនេះ អាស៊ានបានត្រៀមខ្លួន រួចជាស្រេចក្នុងការសម្របសម្រួលកិច្ចសន្ទនាដោយសន្តិវិធីក្នុងចំណោមភាគីពាក់ព័ន្ធ តាមគ្រប់ មធ្យោបាយដែលអាចធ្វើទៅបាន៕


ដោយ ៖ សុខ ខេមរា


ចែករំលែក៖