ភ្នំពេញ ៖ នៅថ្ងៃនេះ ពិភពលោកប្រារព្ធទិវាសត្វព្រៃពិភពលោក ក្រោមប្រធានបទ៖ «ការស្រោចស្រង់ឡើងវិញនូវប្រភេទសត្វសំខាន់ៗដើម្បីស្តារបហរព័ន្ធអេកូឡូស៊ី»ដែលជាផ្នែកមួយនៃ ការទាញចំណាប់អារម្មណ៍ពិភពលោកលើស្ថានភាពនៃការអភិរក្សនៃប្រភេទសត្វព្រៃនិងជីវៈចម្រុះមួយចំនួនដែលកំពុងរងគ្រោះថ្នាក់ខ្លាំងជាសកល និងដើម្បីពិភាក្សានិងរកដំណោះស្រាយ ព្រមទាំងអនុវត្តវិធានាការចាំបាច់ និងបន្ទាន់នានាដើម្បីជួយការពារ អភិរក្សសត្វព្រៃទាំងនេះឱ្យបានស្ថិតស្ថេរគង់វង្ស។ នេះជាការថ្លែងរបស់ នេត្រ ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន នៅយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២។
លោកបន្តថា, ក្នុងក្របខណ្ឌនេះ ក្រសួងបរិស្ថានក្នុងនាមសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា និងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ ក្រោមជាតិ អង្គការដៃគូរបស់ក្រសួងបរិស្ថានដែលធ្វើកិច្ចការលើការងារអភិរក្សបានចូលរួមសហការជាមួយក្រសួង បរិស្ថាន រៀបចំយុទ្ធនាការមួយដើម្បីបង្កើនសុវត្ថិភាពកាន់តែខ្ពស់ដល់សត្វព្រៃគ្រប់ប្រភេទជាពិសេសប្រភេទសត្វកម្រដែលកំពុងទទួល ប្រឈមនឹងគ្រោះថ្នាក់។ យុទ្ធនាការនោះមានឈ្មោះថា «យុទ្ធនាការអន្ទាក់សូន្យក្នុងតំបន់ការពារធម្មជាតិកម្ពុជា» ដែលយើងទាំងអស់គ្នាកំពុងចូលរួមបើកជាផ្លូវការនៅពេលនេះ។
«យុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា» ត្រូវបានផ្តួចផ្តើមគំនិត និងដឹកនាំរៀបចំដោយក្រសួងបរិស្ថានដោយមានការចូលរួមសហការពីសំណាក់អង្គការជាតិនិងអន្តរជាតិដៃគូក្នុងកិច្ចការអភិរក្សធនធានធម្មជាតិរបស់ក្រសួងបរិស្ថាន។ ចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ នេះ យុទ្ធនាការអន្ទាក់សូន្យនឹងប្រព្រឹត្តទៅសម្រាប់រយៈពេល ៦ ខែនៅក្នុងបណ្តាខេត្តខាងកើតទន្លេមេគង្គរួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និងខេត្តកំពង់ធំ។ យុទ្ធនាការនេះនឹងមិនបញ្ឈប់ត្រឹមខេត្ត ៦ នេះទេ យុទ្ធនាការអន្ទាក់សូន្យវគ្គទី២ ក្រសួងបរិស្ថាននិងអង្គការដៃគូនឹងផ្តោតលើបណ្តាខេត្តដែលមានតំបន់ការពារធម្មជាតិផ្សេងទៀត ក្នុងនោះមានតំបន់ជួរភ្នំក្រវាញនៃប្រទេសកម្ពុជាដែលរួមមានខេត្ត កំពង់ស្ពឺ កោះកុង ពោធិ៍សាត់ បានត់ដំបង ប៉ៃលិននិងកំពង់ឆ្នាំងផងដែរ។
ក្រសួងបរិស្ថានសូមថ្លែងអំណរគុណអង្គការដៃគូសហការការពារនិងអភិរក្សតំបន់ការពារធម្មជាតិឃាមួយក្រសួងបរិស្ថានរួមមានអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) សមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) អង្គការជីវិតសត្វស្លាបអន្តរជាតិ (Birdlife International) អង្គការអភិរក្សអន្តរជាតិ (CI) អង្គការ Fauna and Flora International (FFI) អង្គការ Wild Earths Allies គម្រោងព្រៃឡង់បៃតង USAID Green Prey Lang។
លោករដ្ឋលេខាធិការលើកឡើងថា, ហេតុអ្វីបានជាយើងទាំងអស់គ្នាត្រូវចូលរួមក្នុងយុទ្ធនាការអន្ទាក់សូន្យ? ការបើកយុទ្ធនាការអន្ទាក់សូន្យនៅថ្ងៃទី៣ ខែមីនាស្របពេលដែលពិភពលោកប្រារព្ធទិវាសត្វព្រៃពិភពលោកនេះមានគោលបំណងសំខាន់រួមមាន៖ ការផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ដោយសារអន្ទាក់ទៅលើជីវិត សត្វ និងជីវិតមនុស្ស ពង្រឹងការអនុវត្តច្បាប់ ការផ្លាស់ប្តូរឥរិយាបថពលរដ្ឋឱ្យបង្កើនការប្រតិបត្តិមេត្រីបរិស្ថាន ស្រឡាញ់សត្វព្រៃជីវៈចម្រុះ និងការលុបបំបាត់ការបរបាញ់សត្វ ការដាក់អន្ទាក់ខុសច្បាប់ និងការលុបបំបាក់ការជួញដូរសាច់សត្វព្រៃ ក៏ដូចជាបង្កើនសុវត្ថិភាពដល់សត្វព្រៃគ្រប់ប្រភេទ និងការបង្កើនធនធានសម្រាប់ការងារការពារនិងអភិរក្សធម្មជាតិ ៕
ដោយ ៖ សុខ ខេមរា